(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នាថ្ងៃចន្ទនេះ បានផ្ញើសារអបអរសាទរមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចំពោះខួប៧១ឆ្នាំនៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩។
លោក ស៊ី ជិនពីង តាងនាមឲ្យគណបក្សកុម្មុយនិស្តចិន ព្រមទាំងរដ្ឋាភិបាលនិងប្រជាជនចិនក៏ដូចជារូបលោកផ្ទាល់ បានផ្ញើសារដើម្បីអបអរសាទរ និងជូនពរដល់លោក គីម ជុងអ៊ុង រួមទាំងគណបក្សពលករកូរ៉េ ក៏ដូចជារដ្ឋាភិបាលនិងប្រជាជនកូរ៉េខាងជើង ក្នុងឱកាសខួបទី៧១នៃថ្ងៃបង្កើតប្រទេសកូរ៉េខាងជើង។
គួរជម្រាបថា ក្នុងនោះ លោកប្រធានាធិបតីចិន បានកោតសរសើរអំពីសមិទ្ធផលផ្សេងៗ ដែលកូរ៉េខាងជើងសម្រេចបាន អំឡុងពេលជាង៧០ឆ្នាំកន្លងមកនេះ នៅក្រោមមេដឹកនាំត្រកូលគីម និងគណបក្សពលករកូរ៉េ ហើយលោក ស៊ី ជិនពីង ក៏បានរំលេចពីចំណងមិត្តភាពដ៏ស្អិតល្មួតរវាងប្រទេសទាំងពីរផងដែរ ដោយលោកបានប្តេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងដ៏សំខាន់នេះថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាជាតិជិតខាងទាំងពីរ និងដើម្បីពង្រឹងសន្តិសុខនិងសន្តិភាពក្នុងតំបន់៕