(ហុងកុង)៖ ក្រុមបាតុករហុងកុងរាប់ពាន់នាក់ នារសៀលថ្ងៃអាទិត្យនេះ បាននាំគ្នាច្រៀងបទភ្លេងជាតិសហរដ្ឋអាមេរិក និងអំពាវនាវឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅជួយរំដោះទីក្រុងហុងកុង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០១៩។
ក្នុងសកម្មភាពតវ៉ាសម្រាប់សប្តាហ៍ទី១៤ ក្រុមបាតុករនាថ្ងៃអាទិត្យនេះ បានដង្ហែរក្បួនទៅកាន់ស្ថានកុងស៊ុលអាមេរិក ប្រចាំទីក្រុងហុងកុង ដោយមានការគ្រវីទង់ជាតិអាមេរិក និងការលើកបដាដើម្បីសម្តែងការទាមទារចង់បានលទ្ធិប្រជាធិបតេយ្យ។ ពួកគេបានស្រែកអំពាវនាវឲ្យអាមេរិកជួយតស៊ូដើម្បីសិទ្ធិសេរីភាព ហើយប្រឆាំងចិនដើម្បីរំដោះទីក្រុងហុងកុង។
សកម្មភាពតវ៉ាសម្រាប់សប្តាហ៍ទី១៤ បានចាប់ផ្តើមប្រព្រឹត្តទៅកាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ ខណៈនាយប់មិញអំពើហិង្សាបានបន្តកើតមានឡើងរវាងប៉ូលិសហុងកុង និងក្រុមបាតុករ។ ពួកបាតុកបានព្យាយាមរាំងខ្ទប់ផ្លូវធ្វើដំណើរឆ្ពោះទៅកាន់ ព្រលានយន្តហោះអន្តរជាតិនៃទីក្រុងហុងកុង រួមមាននៅតាមស្ថានីយរថភ្លើង ហើយពួកគេក៏បានបង្កការដុតបំផ្លាញនៅលើដងផ្លូវ ក៏ដូចជានៅក្រៅស្ថានីយប៉ូលិស។ ប្រការនេះបានបង្ខំឲ្យប៉ូលិសហុងកុងប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបង្រ្កាប និងចាប់ខ្លួនមនុស្សមួយចំនួន។
គួរជម្រាបថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមានសហរដ្ឋអាមេរិកជាដដែលៗ កុំឲ្យលូកដៃចូលក្នុងបញ្ហាទីក្រុងហុងកុង ខណៈវាជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសចិន។ ទីក្រុងហុងកុង ត្រូវបានចក្រភពអង់គ្លេស ប្រគល់មកឲ្យចិនវិញកាលពីឆ្នាំ១៩៩៧ នៅក្រោមគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ»៕