(រីយ៉ាដ)៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត គឹស្តេច Salman បានសម្រេចតែងតាំងព្រះបុត្រាមួយអង្គរបស់ទ្រង់ គឺព្រះអង្គម្ចាស់ Abdulaziz bin Salman ឲ្យឡើងជារដ្ឋមន្រ្តីថាមពលនៃប្រទេសមហាសេដ្ឋីប្រេងនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០១៩។
ព្រះអង្គម្ចាស់ Abdulaziz ត្រូវឡើងជំនួសលោក Khalid al-Falih ដែលត្រូវបានដកចេញពីតំណែងកាលពីសប្តាហ៍មុន ខណៈលោក ត្រូវបានតែងជារដ្ឋមន្រ្តីថាមពលកាលពីឆ្នាំ២០១៦។ ដោយឡែកព្រះអង្គម្ចាស់ Abdulaziz ដែលត្រូវជាព្រះរាមតែមានព្រះមាតាផ្សេងគ្នាជាមួយ ព្រះរាជទាយាទអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ Mohammed bin Salman ក៏មានបទពិសោធន៍មិនធម្មតាដែរ ក្នុងវិស័យឧស្សាហកម្មប្រេង នៅអារ៉ាប៊ីសាអូឌីត។
គួរជម្រាបថា យ៉ាងណាមិញ វាគឺជាលើកដំបូងបំផុតហើយ ដែលសមាជិកនៃសែរាជវង្ស Al Saud បានកាន់មុខតំណែងជារដ្ឋមន្រ្តីថាមពល នៅក្នុងប្រទេសដែលនាំចេញប្រេងលេខមួយលើលោកនេះ៕