(ហុងកុង)៖ នៅថ្ងៃអាទិត្យនេះ ក្រុមបាតុករហុងកុងដែលកំពុងតែតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ កំពុងត្រៀមខ្លួនទៅប្រមូលផ្តុំគ្នានៅមុខស្ថានកុងស៊ុល របស់សហរដ្ឋអាមេរិក ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០១៩។
សកម្មភាពតវ៉ាសម្រាប់សប្តាហ៍ទី១៤ បានចាប់ផ្តើមប្រព្រឹត្តទៅកាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ ខណៈនាយប់មិញអំពើហិង្សាបានបន្តកើតមានឡើងរវាងប៉ូលិសហុងកុង និងក្រុមបាតុករ។ ពួកបាតុកបានព្យាយាមរាំងខ្ទប់ផ្លូវធ្វើដំណើរឆ្ពោះទៅកាន់ ព្រលានយន្តហោះអន្តរជាតិនៃទីក្រុងហុងកុង រួមមាននៅតាមស្ថានីយរថភ្លើង ហើយពួកគេក៏បានបង្កការដុតបំផ្លាញនៅលើដងផ្លូវ ក៏ដូចជានៅក្រៅស្ថានីយប៉ូលិស។ ប្រការនេះបានបង្ខំឲ្យប៉ូលិសហុងកុងប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបង្រ្កាប និងចាប់ខ្លួនមនុស្សមួយចំនួន។
គួរជម្រាបថា កាលពីប៉ុន្មានថ្ងៃមុន អភិបាលក្រុងហុងកុង លោកស្រី Carrie Lam បានប្រកាសលុបចោលជាផ្លូវការនូវ ច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាស់ ដែលជាដើមចមដំបូងនាំឲ្យមានការធ្វើបាតុកម្មទ្រង់ទ្រាយធំនៅហុងកុង ប៉ុន្តែបាតុករភាគច្រើន បានលើកឡើងថា វាហាក់ដូចជាហួសពេលហើយ ហើយម៉្យាងវិញទៀតវាគ្រាន់តែជាចំណុច១ ក្នុងចំណោមការទាមទារ៥ចំណុច របស់ពួកគេប៉ុណ្ណោះ៕