(បរទេស)៖ ចំនួនមនុស្សស្លាប់នៅប្រទេសដីកោះប៉ាហាម៉ាស់ (Bahamas) ដែលស្ថិតនៅតំបន់សមុទ្រការីបៀន ដោយសារការវាយប្រហារពីព្យុះហឺរីខិន Dorian នាពេលកន្លងទៅ បានកើនដល់៤៣នាក់ហើយ ខណៈតួលេខនេះត្រូវគេរំពឹងថា នឹងបន្តឡើងខ្ពស់ថែមទៀតព្រោះនៅមានអ្នកបាត់ខ្លួនជាច្រើន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០១៩។
អាជ្ញាធរប៉ាហាម៉ាស់បានបញ្ជាក់ថា មនុស្សរហូតដល់រាប់រយនាក់អាចបាត់ខ្លួន នៅកោះ Grand Bahamas និងកោះ Abaco ដែលបានទទួលរងការវាយប្រហារចំពេញទំហឹងពីព្យុះហឺរីខិនកំណាច Dorian។ នៅពេលបោកបក់ឆ្លងកាត់បាហាម៉ាស់ ព្យុះ Dorian មានកម្លាំងខ្យល់បក់លើសពី២៥០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។ បច្ចុប្បន្ន ព្យុះនេះកំពុងស្ថិតនៅលើផ្ទៃសមុទ្រភាគខាងកើត សហរដ្ឋអាមេរិក តែបានចុះថយថាមពលលែងជាព្យុះហឺរីខិនទៀតហើយ។
គួរជម្រាបថា ក្រៅពីផ្តាច់ជីវិតមនុស្ស ព្យុះ Dorian ក៏បានបំផ្លាញផ្ទះសម្បែងប្រជាជនបាហាម៉ាស់ប្រមាណ៧០,០០០នាក់ផងដែរ ដែលនាពេលនេះកំពុងតែស្វែងរកទីជ្រកកោនបណ្តោះអាសន្ន ព្រមទាំងស្បៀងអាហារ។ សហរដ្ឋអាមេរិក បានសន្យាផ្តល់ជំនួយចំនួនជិត០៣លានដុល្លារដល់បាហាម៉ាស់ សម្រាប់ការរងគ្រោះដោយសារព្យុះហឺរីខិន Dorian៕