(ម៉ូស្គូ)៖ រុស្ស៊ី និងអ៊ុយក្រែន បានអនុវត្តការដោះដូរអ្នកទោសទៅវិញទៅមក ខណៈមានការរំពឹងជាច្រើនថា ការសម្រេចចិត្តនេះ អាចនឹងក្លាយជាជំហានថ្មីមួយ នាំទៅរកការផ្សះផ្សាទំនាក់ទំនងរវាងប្រទេសទាំង២ ចាប់តាំងពីទីក្រុងម៉ូស្គូ បញ្ចូលតំបន់គ្រីមៀ ជាឧបសម្ព័ន្ធរបស់ខ្លួនកាលពីឆ្នាំ២០១៤មក។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៩។
នៅថ្ងៃសៅរ៍នេះ យន្ដហោះរុស្ស៊ីបានដឹកអ្នកទោសរុស្ស៊ី ពីទីក្រុងគៀវ មកកាន់ទីក្រុងម៉ូស្គូ រីឯយន្ដហោះ អ៊ុយក្រែនមួយគ្រឿង ក៏បានដឹកអ្នកទោសអ៊ុយក្រែន ពីទីក្រុងម៉ូស្គូ ត្រឡប់មកកាន់ទីក្រុងគៀវវិញផងដែរ។ ដោយឡែក ជុំវិញការដោះដូរអ្នកទោសនេះដែរ ស្នងការសិទ្ធិមនុស្សរុស្ស៊ី លោកស្រី Tatyana Moskalkova បានឱ្យដឹងថារដ្ឋាភិបាលរុស្ស៊ី និងអ៊ុយក្រែន បានដោះដូរអ្នកទោស៣៥នាក់ ទល់នឹង៣៥នាក់។ លោកស្រី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដូច្នេះថា៖ « ការដោះដូរអ្នកទោសត្រូវបានធ្វើឡើង ដោយឈរលើគោលការណ៍៣៥នាក់ ទល់នឹង៣៥នាក់ ពោលគឺ អ៊ុយក្រែនដោះលែងអ្នកទោសរុស្ស៊ី៣៥នាក់ ហើយយើង ដោះលែងអ្នកទោសអ៊ុយក្រែន ក្នុងចំនួនដូចគ្នានេះ»។
គួរបញ្ជាក់ថា ការដោះលែង និងដោះដូរអ្នកទោសខាងលើ ក៏រួមមានទាំងនាវិកអ៊ុយក្រែន ២៤នាក់ ដែលរុស្ស៊ី ចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ និងអ្នកទោសម្នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្ដហោះ MH17 ដោយផ្ដាច់ជីវិតមនុស្ស២៩៨នាក់ផងដែរ៕