(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ទីភ្នាក់ងារអវកាសឥណ្ឌា ISRO បានបាត់បង់ការទាក់ទងជាមួយយាន ដែលនឹងត្រូវចុះចតលើព្រះច័ន្ទនៅថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៩ នេះហើយ ដែលវាពិតជាក្តីរន្ធត់មួយសម្រាប់ក្រុមការងារលើផែនដី ខណៈពួកគេកំពុងស្វះ ស្វែងរកវិធី ភ្ជាប់ទំនាក់ទំនងជាថ្មី៕
២៖ មេដឹកនាំ និងក្រុមអ្នកតំណាងមកពីបណ្ដាប្រទេសនៃតំបន់ព្រៃអាម៉ាហ្សូន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង មួយដើម្បីចូលរួមការពារព្រៃត្រូពិចទាក់ទាញទឹកភ្លៀងដ៏ធំបំផុតនៅលើពិភពលោកមួយនេះ៕
៣៖ ទីបំផុតយន្តហោះជំនាន់ថ្មី Boeing 777X ត្រូវបានសម្រេចពន្យារពេលហោះហើរសាកល្បងហើយ ដោយក្រុមហ៊ុនអាមេរិកមួយនេះ ខណៈវាត្រូវបានផ្តល់ក្តីរំពឹងខ្ពស់ថា នឹងអាចចូលមកស្តារមុខមាត់របស់ Boeing ឡើងវិញ ដែលត្រូវបានខ្ទេចខ្ទាំដោយសារតែការកើតមានហេតុការណ៍អាក្រក់ផ្ទួនៗ លើយន្តហោះស៊េរីលក់ ដាច់ជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រនោះគឺ 737 MAX៕
៤៖ ពិធីសម្តែងមរណទុក្ខរួមមួយត្រូវបានធ្វើឡើង នៅល្ងាចថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅកាលីហ្វរញ៉ា) នៅក្នុងទីក្រុង ឆ្នេរសមុទ្រសាន់តាបាបារ៉ា (Santa Barbara) ជូនចំពោះជនរងគ្រោះទាំង ៣៤នាក់ ដែលបានបាត់បង់ជីវិត នៅក្នុងករណីឆេះទូកកម្សាន្ត កាលពីដើមសប្តាហ៍នេះ៕
៥៖ ទីក្រុងព្យុងយ៉ាងបានតែងតាំងមេបញ្ជាការកងកាំភ្លើងធំ លោក ផាក ចុងជុន (Pak Jong Chon) ឡើងជាអគ្គមេបញ្ជាការយោធាកូរ៉េខាងជើងថ្មីតែម្តង ខណៈអ្នកជំនាញខ្លះយល់ថា ការតែងតាំងនេះគឺជាសញ្ញាមួយ បង្ហាញពីបំណងអភិវឌ្ឍអាវុធជំនាន់ថ្មី៕
៦៖ ព្រះមហាក្សត្រីយានីជប៉ុន មីជីកុ (Michiko) ដែលត្រូវជាព្រះមាតាបង្កើត នៃព្រះចៅអធិរាជបច្ចុប្បន្ន ណារុហ៊ីតុ (Naruhito) ត្រូវបានយាងទៅកាន់មន្ទីរពេទ្យហើយ ដើម្បីត្រៀមទទួលការវះកាត់ព្រះរោគមហារីកសុដន់៕