Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សេ្ដចប្រដាល់ហ្វីលីពីន Manny Pacquiao ចុះឈ្មោះចូលរៀនសាកលវិទ្យាល័យ ក្នុងទីក្រុងម៉ានីល

07-09-2019 20:25

(ម៉ានីល)៖ សេ្ដចប្រដាល់ហ្វីលីពីន Manny Pacquiao ធ្លាប់បានចំណាយពេលរៀនប្រដាល់នៅលើសង្វៀន ច្រើនជាងរៀននៅក្នុងថ្នាក់។ ប៉ុន្តែ បច្ចុប្បន្ន បុរសដែលជានិមិត្តរូបសម្រាប់ប្រជាជនហ្វីលីពីនរូបនេះមានថ្នាក់ រៀនត្រឹមត្រូវនឹងគេហើយ បន្ទាប់ពីសម្រេចចិត្តចុះឈ្មោះចូលរៀនសាកលវិទ្យាល័យ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៩។

Manny Pacquiao មានអាយុ៤០ឆ្នាំ បានទម្លាយឱ្យដឹងនៅក្នុងសារបង្ហោះលើ Instagram កាលពីថ្ងៃសុក្រ ម្សិលមិញថា លោកបានចុះឈ្មោះចូលរៀននៅឯសាកលវិទ្យាល័យ Makati ក្នុងទីក្រុងម៉ានីល ដោយជ្រើស រើសយកថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រានយោបាយ។ បន្ថែមពីលើនេះ Pacquiao បានលើកឡើង នៅក្នុងសារដដែលនោះដូច្នេះថា៖« មិនត្រូវឈប់រៀននោះទេ ពីព្រោះជីវិតត្រូវរៀនសូត្ររហូត»។

គួរបញ្ជាក់ថា Pacquiao ដែលជាម្ចាស់ខ្សែក្រវាត់៨ស្ថាប័ន ក៏បានបង្ហាញពីកាតនិស្សិតរបស់ខ្លួនផងដែរ ដោយមានឈ្មោះពេញថា Emmanuel D. Pacquiao។ លោកបានចាប់ផ្ដើមអាណត្តិ០៦ឆ្នាំ ជាសមាជិក ព្រឹទ្ធសភាហ្វីលីពីន កាលពីខែមិថុនា ឆ្នាំ២០១៦៕