(ញូយ៉ក)៖ ទីបំផុតយន្តហោះជំនាន់ថ្មី Boeing 777X ត្រូវបានសម្រេចពន្យារពេលហោះហើរសាកល្បងហើយដោយក្រុមហ៊ុនអាមេរិកមួយនេះ ខណៈវាត្រូវបានផ្តល់ក្តីរំពឹងខ្ពស់ថា នឹងអាចចូលមកស្តារមុខមាត់របស់ Boeing ឡើងវិញ ដែលត្រូវបានខ្ទេចខ្ទាំដោយសារតែការកើតមានហេតុការណ៍អាក្រក់ផ្ទួនៗ លើយន្តហោះស៊េរីលក់ដាច់ជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រនោះគឺ 737 MAX។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៩។
អ្នកនាំពាក្យក្រុមហ៊ុន Boeing បានបញ្ជាក់យ៉ាងដូច្នេះថា «កំឡុងពេលនៃត្រៀមធ្វើតេស្តជាលើកចុងក្រោយលើ យន្តហោះ 777X ក្រុមការងាររបស់ Boeing ស្រាប់តែរកឃើញបញ្ហា ដែលតម្រូវឲ្យមានការធ្វើពន្យារពេលធ្វើតេស្តវិញភ្លាម។ កន្លងមកការធ្វើតេស្តលើសេវាកម្មផ្ទុកអ្នកដំណើរ បានប្រព្រឹត្តទៅយ៉ាងល្អតាមការរំពឹងទុក។ សម្រាប់បញ្ហាថ្មីនេះវិញគឺក្រុមការងារកំពុងធ្វើការពិនិត្យ ដើម្បីស្វែងយល់ឬសគល់នៃបញ្ហា។»
គួរបញ្ជាក់ថា បើតាមប្រភពមួយដែលស្និទ្ធនឹងបញ្ហានេះ ទ្វារយន្តហោះ 777X បានរបូតចេញនៅពេលធ្វើតេស្តហោះហើរ ហើយប្រការបែបនេះគឺពិតជាកម្រកើតមានបំផុត សម្រាប់ក្រុមហ៊ុនផលិតយន្តហោះនានា នៅពេលធ្វើតេស្តយន្តហោះម្តងៗ។ តាមពិត Boeing 777X គ្រោងនឹងធ្វើតេស្តហោះហើរចុងក្រោយ នៅរដូវក្តៅឆ្នាំ២០១៩នេះទៅហើយ ប៉ុន្តែក្រោយរកឃើញបញ្ហាថ្មី (មិនមានការបញ្ជាក់) ក្រុមហ៊ុនក៏សម្រេចពន្យារដល់ដើមឆ្នាំ២០២០ វិញ៕