(ហុងកុង)៖ សហរដ្ឋអាមេរិកទំនងជាមានគោលដៅធំ ក្នុងការប្រើប្រាស់សង្រ្គាមពាណិជ្ជកម្ម ដើម្បីបង្អាក់ដំណើរចិនកុំឱ្យវ៉ាដាច់ខ្លួន ក្លាយជាមហាសេដ្ឋកិច្ចលេខមួយនៅលើពិភពលោក ដែលចេតនានេះមិនចាំបាច់អ្នកវិភាគណាមកបកស្រាយនោះទេ ព្រោះវាបានចេញពីសម្តីរបស់លោក ត្រាំ ផ្ទាល់ជាច្រើនលើករួចមកហើយ។ នេះបើតាមលោក ឃីហ្ស័រ ម៉ាប៊ូបានី (Kishore Mahbubani) ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅល្ងាចថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៩។
លោក Kishore Mahbubani ដែលជាអតីតតំណាងអចិន្ត្រៃយសិង្ហបុរី ប្រចាំអង្គការសហប្រជាជាតិ (UN) និងជាអតីតប្រធានក្រុមប្រឹក្សាសន្តិសុខ UN លើកឡើងបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី This Week in Asia នាពេលថ្មីនេះ ខណៈស្ថានការណ៍វិវាទពាណិជ្ជកម្មរវាងចិនអាមេរិក ឈានទៅរកកម្រិតកាន់តែគ្រោះថ្នាក់។
លោក Mahbubani បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ខ្ញុំគិតថាអ្វីដែលកំពុងកើតឡើង គឺមិនមែនត្រឹមតែជាសង្រ្គាមពាណិជ្ជកម្មនោះទេ... បើសិនវាគឺជាសង្រ្គាមពាណិជ្ជកម្ម ហើយបើសិនជាសហរដ្ឋអាមេរិក គ្រាន់តែចង់កាត់បន្ថយឱនភាព ពាណិជ្ជកម្មជាមួយចិនពិតមែននោះ បញ្ហានឹងអាចដោះស្រាយបានយ៉ាងស្រួល ពីព្រោះចិនក៏មិនចង់ឈ្លោះជាមួយសហរដ្ឋអាមេរិកនោះដែរ... ដូច្នេះខ្ញុំយល់ថា គោលបំណងចម្បងរបស់សហរដ្ឋអាមេរិក គឺបង្អាក់ដំណើររបស់ចិន កុំឱ្យវ៉ាដាច់ខ្លួនក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខមួយ នៅលើពិភពលោក»។
គួរជម្រាបថា សហរដ្ឋអាមេរិក និងប្រទេសចិនត្រូវបានគេរំពឹងថា អាចជួបចរចាពាណិជ្ជកម្មជាថ្មីម្ដងទៀត នៅដើមខែតុលាខាងមុខនេះ។ ប៉ុន្តែបើប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង ២ មិនអាចស្វែងរកកិច្ចព្រមព្រៀងបានទេ នោះលោក ដូណាល់ ត្រាំ អាចនឹងដំឡើងពន្ធលើផលិតផលនាំចូលពីចិន ស្ទើរតែគ្រប់មុខមានតម្លៃរហូតដល់ទៅ ៥៥០ពាន់លានដុល្លារឯណោះ ហើយដែលនេះនឹងធ្វើ សង្រ្គាមពាណិជ្ជកម្មកាន់តែអាក្រក់ ខណៈចិនក៏មិនអាចនៅស្ងៀមហើយមិនសងសឹកវិញនោះដែរ៕