(ឡូសអាន់ជែឡែស)៖ ពិធីសម្តែងមរណទុក្ខរួមមួយត្រូវបានធ្វើឡើង នៅល្ងាចថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅកាលីហ្វរញ៉ា) នៅក្នុងទីក្រុងឆ្នេរសមុទ្រសាន់តាបាបារ៉ា (Santa Barbara) ជូនចំពោះជនរងគ្រោះទាំង ៣៤នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងករណីឆេះទូកកម្សាន្ត កាលពីដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៩។
មនុស្សម្នាជាច្រើនអ្នកបានមកប្រមូលផ្តុំគ្នា ដើម្បីរំលឹកទៅដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលស្ថិតនៅលើទូកកម្សាន្តមានឈ្មោះថា ខុនសិបសិន (Conception) ដែលបានឆេះនៅលើផ្ទៃសមុទ្រក្បែរៗតំបន់ខាងលើនេះតែម្តង។ ក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ និងមន្ត្រីក្នុងតំបន់បានរួមគ្នាសម្តែងមរណទុក្ខ ព្រមទាំងដាក់បាច់ផ្កា និងដុតទៀននៅឯឧទ្យានដើមត្នោត (Palm Park) ជាប់តំបន់ឆ្នេរទីក្រុង Santa Barbara។
គួរបញ្ជាក់ថា អ្នកបម្រើការងារទាំង ០៥នាក់នៅលើទូកនោះ មិនបានបាត់បង់ជីវិតឡើយ ដោយសារតែពួកគេលោតចូលក្នុងទឹកសមុទ្រទាន់ពេល។ ដោយឡែកភ្ញៀវទេសចរមួយចំនួនតូចប៉ុណ្ណោះត្រូវបានសង្គ្រោះ ខណៈសពភ្ញៀវទេសចរសរុប ៣៤នាក់ត្រូវបានរកឃើញ ក្រោយករណីឆេះកាលពីយប់ថ្ងៃចន្ទដើមសប្តាហ៍នេះ។ សម្រាប់របាយការណ៍លំអិតអំពីគ្រោះថ្នាក់ដ៏កម្រនេះ នឹងត្រូវបញ្ចេញនៅសប្តាហ៍ក្រោយ៕