(កូឡុំប៊ី)៖ មេដឹកនាំ និងក្រុមអ្នកតំណាងមកពីបណ្ដាប្រទេសនៃតំបន់ព្រៃអាម៉ាហ្សូន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីចូលរួមការពារព្រៃត្រូពិចទាក់ទាញទឹកភ្លៀងដ៏ធំបំផុតនៅលើពិភពលោកមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៩។
កិច្ចព្រមព្រៀង "Leticia Amazon Pact" ត្រូវបានចុះហត្ថលេខា ខណៈភ្លើងឆេះព្រៃដែលកំពុងបន្ត ឆាបឆេះតំបន់ព្រៃអាម៉ាហ្សូន បានបំផ្លាញព្រៃឈើលើផ្ទៃដីរាប់ពាន់ហិចតា។ ពិធីចុះហត្ថលេខានេះ ក៏ មានការចូលរួមផងដែរពីប្រធានាធិបតីកូឡុំប៊ី អេក្វាដ័រ ប៊ូលីវី ប៉េរូ និងអនុប្រធានាធិបតី Suriname ព្រមទាំងរដ្ឋមន្ត្រីធនធានធម្មជាតិ Guyana ខណៈប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ចូលរួមតាមរយៈវីដេអូខុនហ្វេរិន ដោយទុកឱ្យរដ្ឋមន្ត្រីការបរទេសរបស់លោកចូលរួមដោយផ្ទាល់ ជំនួស។
គួរបញ្ជាក់ថា តំបន់ព្រៃអាម៉ាហ្សូន ដែលត្រូវបានគេចាត់ទុកថាជា «សួតពិភពលោក» គ្របដណ្ដប់លើ ប្រទេសដូចជា ប្រេស៊ីល, បូលីវី, កូឡុំប៊ី, អេក្វាដ័រ, ដែនដីបារាំងហ្គីយ៉ាណា (French Guiana), ហ្គូយ៉ាណា (Guyana), ប៉េរូ, ស៊ូរីណេម (Suriname) និងប្រទេសវេណេស៊ុយអេឡា ខណៈ ៦០ភាគរយ គឺស្ថិតក្នុងប្រទេសប្រេស៊ីល ដែលជាកន្លែងមានករណីឆេះច្រើនជាងគេ៕