(វ៉ាស៊ីនតោន)៖ ចិនបានសន្យាទិញផលិតផលកសិកម្មពីសហរដ្ឋអាមេរិក កំឡុងកិច្ចសន្ទនាតាមទូរស័ព្ទមួយរវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំង ២ នៅក្នុងសប្ដាហ៍នេះ នឹងមុនកិច្ចចរចាពាណិជ្ជកម្មត្រូវធ្វើឡើងនៅដើមខែតុលាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Politico នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៩។
សារព័ត៌មាន Politico ផ្អែកលើប្រភពពីមន្ត្រីអាមេរិកពីរនាក់ ដែលខ្លួនទទួលបានឲ្យដឹងថា ការសន្យាទិញផលិតផលកសិកម្មពីសហរដ្ឋអាមេរិក គឺជាលក្ខខណ្ឌមួយដាក់លើទីក្រុង វ៉ាស៊ីនតោន ឱ្យបន្ធូរបន្ថយទណ្ឌកម្មលើក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ព្រមទាំងលុបចោល គម្រោងដំឡើងពន្ធបន្ថែមដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី០១ ខែតុលា ខាងមុខនេះ។
បន្ថែមពីលើនេះ បើតាមប្រភពដដែល សហរដ្ឋអាមេរិកអាចនឹងលុបចោលផែនការដំឡើងពន្ធ លើផលិតផលចិន ដែលគ្រោងនឹងអនុវត្តនៅថ្ងៃទី១៥ ខែធ្នូផងដែរអាស្រ័យទៅលើថា តើប្រទេសទាំង ២ អាចចរចាគ្នាត្រូវរ៉ូវលើចំណុចដែលភាគីទាំងសងខាងចង់បានយ៉ាងដូចម្ដេច។
គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ឧបនាយករដ្ឋមន្ត្រីចិន លោក លីវ ហេ Liu He បានជួបពិភាក្សាគ្នាជាមួយរដ្ឋមន្ត្រីរតនាគារអាមេរិក លោក ស្ទេវិន ម៉ានូឈីន (Steven Mnuchin) រួមទាំងតំណាងពាណិជ្ជកម្មអាមេរិក លោក រ៉ូប៊ឺត ឡៃធីសឺ (Robert Lighthizer) ដោយបានព្រមព្រៀងថា នឹងរៀបចំកិច្ចចរចាពាណិជ្ជកម្មថ្មីមួយ នៅដើមខែតុលាខាងមុខនេះ ដែលអ្នកវិភាគរំពឹងថា វាអាចនឹងខុសប្លែកពីកិច្ចចរចាមុនៗ៕