(តូក្យូ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ មហាម៉ាត់ បានកត់សម្គាល់ថា ចិនអាចនឹងប្រើប្រាស់កម្លាំងបាយ ដើម្បីបញ្ចប់វិបត្តិបច្ចុប្បន្ននៅក្នុងទីក្រុងហុងកុង បើសិនជាស្ថានការណ៍កាន់តែអាក្រក់ឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៩។
ការលើកឡើងបែបនេះរបស់លោក មហាធៀ ធ្វើឡើងនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ជប៉ុន NHK នៅថ្ងៃសុក្រសប្ដាហ៍នេះ។ នាឱកាសនោះនាយករដ្ឋមន្ត្រីដែលមានវ័យ ៩៤ឆ្នាំរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «បើសិនជាពួកគេ (ចិន) មិនអាចដោះស្រាយបញ្ហា រីឯស្ថានភាពកាន់តែអាក្រក់ ហើយការទាមទារឯករាជ្យ ឬក៏ស្វ័យភាពផ្ទុះឡើងកាន់តែខ្លាំង ខ្ញុំយល់ថា ចិននឹងមិននៅស្ងៀមហើយឈរឱបដៃមើលឡើយ... ហើយចិនអាចនឹងប្រើប្រាស់ កម្លាំងបាយដើម្បីបញ្ចប់បញ្ហាទៀតផង»។
គួរបញ្ជាក់ថា បើទោះជាសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោកត្រូវបានប្រកាសលុបចោលទាំងស្រុងក៏ដោយ ប៉ុន្តែអ្នកជំនាញខ្លះយល់ថា វាយឺតពេលទៅហើយ ព្រោះបច្ចុប្បន្នក្រុមបាតុករមិនមែនត្រឹមតែប្រឆាំងនឹងច្បាប់នេះទេ គឺប្រឆាំងនឹងការដឹកនាំរបស់រដ្ឋាភិបាលទីក្រុងហុងកុងតែម្ដង នោះគឺពួកគេកំពុងទាមទារឲ្យអភិបាលក្រុងហុងកុង លោកស្រី ខារី ឡាំ ចុះចេញពីតំណែង ប៉ុន្តែមេដឹកនាំរូបនេះក៏បានបញ្ជាក់ជាច្រើនដងរួចមកហើយដែរថា លោកស្រីនឹងមិនចុះចេញនោះឡើយ៕