Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន Apple ច្រានចោលការសន្និដ្ឋានរបស់ Google ពាក់ព័ន្ធនឹងការ Hack អ្នកប្រើទូរស័ព្ទដៃ iPhone (Video inside)

07-09-2019 10:15

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Apple Inc នៅថ្ងៃសុក្រសប្ដាហ៍នេះបានទទួលស្គាល់ថា ជនជាតិដើមភាគតិចម៉ូស្លីមអ៊ុយហ្គើរ (Uighurs) បានក្លាយជាគោលដៅនៃការវាយប្រហារ ដោយសារតែកំហុសប្រព័ន្ធសុវត្ថិភាពរបស់ទូរស័ព្ទដៃ iPhone ប៉ុន្តែក្រុមហ៊ុនអាមេរិកនេះក៏បានទាត់ចោល ការអះអាងរបស់ក្រុមហ៊ុន Google ផងដែរជុំវិញការ Hack លើអ្នកប្រើប្រាស់ស្មាតហ្វូនរបស់ Apple នោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៩។

ក្រុមអ្នកស្រាវជ្រាវ Google Project Zero កាលពីសប្ដាហ៍មុនបាននិយាយថា ខ្លួនបានប្រមូល និងរកឃើញកំហុសសនិ្តសុខចំនួន ០៥ករណី ដែលនាំមានការវាយប្រហារព័ត៌មានវិទ្យា ឬ Hack ប្រឆាំងនឹងអ្នកប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូន នៅក្នុងសហគមន៍មួយកំឡុងពេលជាង ២ឆ្នាំមកនេះ។

ក្រុមអ្នកស្រាវជ្រាវទាំងនេះមិនបានបញ្ជាក់ឱ្យច្បាស់ៗថា សហគមន៍ណាមួយដែលរង ការវាយប្រហារនេះទេ។ ប៉ុន្តែ CNN ដោយសំអាងគេហទំព័រព័ត៌មានវិទ្យា TechCrunch បានរាយការណ៍ថា ការវាយប្រហារព័ត៌មានវិទ្យាខាងលើ គឺមានគោលដៅទៅសហគមន៍ ជនជាតិដើមភាគតិច Uighurs នៅក្នុងប្រទេសចិន ដែលត្រូវបានគេរាយការណ៍ជាបន្តបន្ទាប់ថា បាននិងកំពុងវាយប្រហារលើបណ្ដាក្រុមហ៊ុនទូរគមនាគមន៍អាស៊ី ដើម្បីតាមដាន និងស៊ើបការណ៍លើការធ្វើដំណើរទៅណាមកណារបស់ជនជាតិ Uighurs។

តែទោះជាយ៉ាងណាដោយ ក្រុមហ៊ុន Apple Inc បានគូសបញ្ជាក់ថា ការវាយប្រហារព័ត៌មានវិទ្យានេះ មិនមានសភាពធ្ងន់ធ្ងរដូចដែលក្រុមអ្នកស្រាវជ្រាវ Google បានសន្និដ្ឋាននោះទេ។ ពោលគឺការវាយប្រហារព័ត៌មានវិទ្យានេះ មានគោលដៅតែទៅលើសហគមន៍ Uighur ជាជាងអ្នកប្រើប្រាស់ទូរស័ព្ទ iPhone ទាំងអស់ ហើយម្យ៉ាងវិញទៀត បញ្ហាក៏ត្រូវបានដោះស្រាយរួចហើយដែរកាលពីខែកុម្ភៈកន្លង។

គួរបញ្ជាក់ថា បើតាម Apple ការវាយប្រហារព័ត៌មានវិទ្យាខាងលើកើតមានឡើងត្រឹមតែ កំឡុងរយៈពេល ០២ខែប៉ុណ្ណោះ មិនមែន ០២ឆ្នាំដូច Google អះអាងនោះទេ។ ប៉ុន្តែមកទល់នឹងពេលនេះ Google មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីនៅឡើយទេ៕