(វ៉ាស៊ីនតោន)៖ រូបថតនៃកន្លែងផ្ទុះឆេះគ្រាប់រ៉ុក្កែតសម្រាប់បាញ់ផ្កាយរណប នៅប្រទេសអ៊ីរ៉ង់ ដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហោះជាសាធារណៈ នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter កាលពីចុងខែសីហាកន្លងទៅ គឺបានមកពីផ្កាយរណបស៊ើបការណ៍ប្រភេទ KH-11 ហៅថា USA 224 របស់សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space នៅរសៀលថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩។
កាលពីថ្ងៃទី៣០ ខែសីហា លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើ Twitter ដើម្បីបញ្ជាក់ថា ប្រទេសលោកពុំមានជាប់ពាក់ព័ន្ធឧបទ្ទវហេតុ ដែលបានកើតមានឡើងពេលកំពុងត្រៀមរៀបចំបាញ់គ្រាប់រ៉ុក្កែត សាហ្វឺ SLV (Safir SLV) នៅមជ្ឈមបង្ហោះផ្កាយរណបមួយកន្លែង នៅក្នុងប្រទេសអ៊ីរ៉ង់នោះឡើយ ដោយលោកបានភ្ជាប់ជាមួយនូវរូបភាពយ៉ាងច្បាស់មួយសន្លឹក បង្ហាញពីទិដ្ឋភាពក្រោយហេតុការណ៍ផ្ទុះឆេះគ្រាប់រ៉ុក្កែត។
ភ្លាមៗនោះក្រុមអ្នកជំនាញបានសង្ស័យថា រូបភាពនោះច្បាស់ជារូបភាពសម្ងាត់ ដែលថតបានដោយដ្រូន និងផ្កាយរណបអង្កេតការណ៍របស់អាមេរិក ខណៈភាគច្រើនជឿជាក់ថា បានមកពីដ្រូនព្រោះវាមានលក្ខណៈលម្អិតខ្លាំង។ តែឥឡូវតាមរយៈការវិភាគទៅលើរូបថត គេបានរកឃើញថា ផ្កាយរណបស៊ើបការណ៍សម្ងាត់របស់អាមេរិកប្រភេទ KH-11 ហៅថា USA 224 ទំនងជាអ្នក ថតរូបនោះ។
គួរជម្រាបថា ព័ត៌មានលម្អិតពាក់ព័ន្ធអំពីផ្កាយរណបប្រភេទ KH-11 នេះ ជាទូទៅត្រូវបានលាក់ការយ៉ាងតឹងរ៉ឹងដោយគ្រាន់តែថា វាប្រៀបដូចជាកែវយឺតអវកាសដ៏ធំមួយ មិនខុសពីកែវយឺត Hubble ទេ តែមានតួនាទីឆ្លុះមើលចុះកាន់ផ្ទៃផែនដី ហើយផលិតរូបភាពដែលច្បាស់ៗខ្លាំង។ កាលពីឆ្នាំ១៩៨៤ មន្រ្តីយោធាជើងទឹកអាមេរិកម្នាក់ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ ដោយសារតែធ្វើឲ្យលេចធ្លាយរូបភាព បានមកពីផ្កាយរណបប្រភេទ KH-11 ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ៕