(តូក្យូ)៖ ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនបានបញ្ជាក់ប្រភេទ នៃសត្វដាយណូស័រអម្បូរថ្មីមួយ តាមរយៈគ្រោងឆ្អឹងប្រវែង ០៨ម៉ែត្រ ដែលត្រូវបានគេរុករកឃើញនៅក្នុងប្រទេសជប៉ុន ដ៏កម្របំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩។
បន្ទាប់ពីបានវិភាគលើឆ្អឹងរាប់រយមានអាយុកាលជាង ៧២លានឆ្នាំមុន ក្រុមអ្នកវិទ្យសាស្ត្រមកពីសាកលវិទ្យាល័យហុកកៃដូ (Hokkaido University) បានសន្មត់ថា គ្រោងឆ្អឹងស្ទើរតែពេញលេញខាងលើ គឺជាឆ្អឹងដាយណូស័រអម្បូរហាដ្រូសូរីដ (hadrosaurid dinosaur) ដែលមានជីវិតនៅលើភពផែនដីនៅចុងសម័យ ក្រេតាសេអឹស (Cretaceous)។
គ្រោងឆ្អឹងដាយណូស័រនេះ ត្រូវបានក្រុមបុរាណវិទូរកឃើញនៅភាគខាងជើងប្រទេសជប៉ុន កាលពីឆ្នាំ២០១៣ ហើយក្រោយមកទៀតទើបគេរកឃើញគ្រោងឆ្អឹងស្ទើរតែទាំងមូល។ ដោយឡែកបើតាមសេចក្ដីថ្លែងរបស់សាកលវិទ្យាល័យ Hokkaido ក្រុមអ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះឱ្យដាយណូស័រតិណាសីនេះថា កាមុយសូរើស ចាប៉ូនីគូស (Kamuysaurus japonicus) ឬមានន័យស្ដេចនាគរាជ។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិទ្យាសាស្ត្រជប៉ុន Kamuysaurus japonicus គឺជាដាយណូស័រមានអាយុ ០៩ឆ្នាំ និងមានទម្ងន់ចាប់ពី ៤-៥.៣តោន ដោយអាស្រ័យថា តើវាដើរជើងពីរ ឬជើងបួន៕