(ការ៉ាកាស់)៖ រដ្ឋាភិបាលវេណេស៊ុយអេឡាបានស្នើឲ្យបើក ការស៊ើបអង្កេតលើមេបក្សប្រឆាំង លោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) និងបក្ខពួកលោក ក្រោមការសង្ស័យថា អាចមានប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងរដ្ឋ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩។
នៅក្នុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អនុប្រធានាធិបតីវេណេស៊ុយអេឡា លោកស្រី ឌែលស៊ី រ៉ូទ្រីហ្គែស (Delcy Rodriguez) បានបង្ហាញខ្សែអាត់សំឡេង នៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងបុគ្គលពីររូបឈ្មោះ ម៉ានូអ៊ែល អាវិនដាណូ (Manuel Avendano) និង វែណេសា នូម៉ាន់ (Vanessa Neumann) ដែល សុទ្ធតែជាមនុស្សជំនិតរបស់លោក Guaido។
ក្នុងខ្សែអាត់សំឡេងនោះ លោក Manuel Avendano និងលោកស្រី Vanessa Neumann បានជជែកគ្នាអំពីភាពចាំបាច់ក្នុងការផ្លាស់ប្តូរ គោលជំហររបស់ប្រទេសវេណេស៊ុយអេឡា ពាក់ព័ន្ធជម្លោះទឹកដីជាមួយប្រទេស ហ្គាយ៉ាណា (Guyana) ជុំវិញបញ្ហាតំបន់ អេស្សេឃ្វីបូ (Essequibo) ខណៈបច្ចុប្បន្នតំបន់នេះស្ថិតក្រោមដែនសមត្ថកិច្ចរបស់ Guyana។
លោកស្រី Neumann ដែលមានសញ្ជាតិអាមេរិកដើមកំណើតវេណេស៊ុយអេឡា និងត្រូវលោកស្រី Rodriguez អះអាងថា ធ្វើការឲ្យក្រសួងការពារជាតិអាមេរិកនោះ បានសង្កត់ធ្ងន់ថា វេណេស៊ុយអេឡាចាំបាច់ត្រូវតែដកការទាមទាររបស់ខ្លួន ចេញពីតំបន់ Essequibo វិញ។ ប្រការនេះក៏បានធ្វើឲ្យប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ស្នើដល់រដ្ឋអាជ្ញាវេណេស៊ុយអេឡា បើកការស៊ើបអង្កេតស៊ីជម្រៅទៅលើបទល្មើសនានា ដែលអាចប្រព្រឹត្តដោយលោក Guaido និងបក្សពួកនៅក្នុងវេណេស៊ុយអេឡា។
គួរជម្រាបថា ប្រទេសវេណេស៊ុយអេឡាបានធ្លាក់ក្នុងវិបត្តិនយោបាយ ចាប់តាំងពីដើមឆ្នាំ២០១៩ នេះមកម្ល៉េះ នៅពេលដែលលោក Guaido បានប្រកាសលើកខ្លួនឯងជាប្រធានាធិបតីស្តីទី ហើយទទួលបានការគាំទ្រពេញទំហឹងពីអាមេរិក និងប្រទេសមួយចំនួនទៀត ខណៈដែលសេដ្ឋកិច្ចរបស់វេណេស៊ុយអេឡា កំពុងដាំក្បាលចុះយ៉ាងគំហុក៕