Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការកាត់ទោស អតីតជំទាវទីមួយហុងឌូរ៉ាស់ ដាក់ពន្ធនាគារ៥៨ឆ្នាំ ពីបទកឹបកេងលុយ ដែលទុកសម្រាប់ទិញស្បែកជើងឱ្យកុមារក្រីក្រ (Video inside)

06-09-2019 09:04

(ហុងឌូរ៉ាស់)៖ អតីតជំទាវទីមួយរបស់ប្រទេសហុងដូរ៉ាស់ លោកស្រី Rosa Elena Bonilla ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ៥៨ឆ្នាំ ពីបទកឹបកេងលុយរដ្ឋរាប់សែនដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩។

លោកស្រី Bonilla មានអាយុ៥២ឆ្នាំ និងជាភរិយាអតីតប្រធានាធិបតីហុងឌូរ៉ាស់ លោក Porfirio Lobo ត្រូវបានតុលាការរកឃើញថា លួចកឹបកេងលុយជាង ៧៧៩,០០០ដុល្លារ ពីជំនួយអន្តរជាតិ និងមូលនិធិរដ្ឋ ដែលត្រូវយកទៅប្រើប្រាស់សម្រាប់កម្មវិធីសង្គមកិច្ច។

ដោយឡែក បើតាមក្រុមរដ្ឋអាជ្ញា លោកស្រី Bonilla បានលួចកឹបកេងប្រាក់ទាំងនេះតែ ០៦ថ្ងៃប៉ុណ្ណោះ មុននឹងប្ដីរបស់ខ្លួនបញ្ចប់អាណត្តិជាប្រធានាធិបតី (២០១០-២០១៤) ដោយយកប្រាក់ទាំងនេះទៅទិញគ្រឿងអលង្កា ចំណាយលើថ្នាំពេទ្យ និងការអប់រំរបស់ កូន។

គួរជម្រាបថា លោកស្រី Bonilla ត្រូវបានចាប់ខ្លួននៅខែកុម្ភៈ ឆ្នាំ២០១៨ ក្រោយមាន ការស៊ើបអង្កេតមួយពាក់ព័ន្ធនឹងការបាត់មូលនិធិរដ្ឋ ក្នុងនោះរួមទាំងមូលធិនិសម្រាប់ទិញ ស្បែកជើង ចែកជូនកុមារក្រីក្រហុងឌូរ៉ាស់ផងដែរ។ ប៉ុន្តែ មេធាវីការពារក្ដីរបស់លោកស្រី អះអាងថានឹងប្ដឹងឧទ្ធរណ៍ ដោយសារតែកូនក្ដីរបស់ខ្លួនមិនបានប្រព្រឹត្តខុសដូច
ការចោទប្រកាន់នោះទេ៕