(កាប៊ុល)៖ ជនស្លូតត្រង់យ៉ាងហោចណាស់ ១០នាក់បានបាត់បង់ជីវិត និង ៤២នាក់ទៀតរងរបួស បន្ទាប់ពីកើតមានករណីបំផ្ទុះគ្រាប់បែកអត្តឃាតលើរថយន្ត ក្នុងរដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩។
អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានលោក រ៉ាហ៊ីមី (Rahimi) បានប្រាប់ស៊ីនហួរថា ករណីបំផ្ទុះអត្តឃាតដ៏កក្រើកខាងលើ បានកើតមានឡើងនៅវេលាម៉ោង ១០៖១០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុងកាប៊ុល) នៅពីមុខអគារគ្រប់គ្រងផ្នែកសន្តិសុខក្រុង ខណៈក្នុងចំណោមអ្នករបួសទាំង ៤២នាក់មាន ១២នាក់រងរបួសធ្ងន់ធ្ងរខ្លាំង។
គួរបញ្ជាក់ថា ក្រោយកើតមានករណីបំផ្ទុះអត្តឃាតតែបន្តិចប៉ុណ្ណោះ ក្រុមសកម្មប្រយុទ្ធតាលីបង់បានចេញមុខអះអាងថា នេះជាទង្វើរបស់ក្រុមខ្លួន៕