(ប៉េកាំង)៖ យន្ដហោះដ្រូនបំបាំងកាយស៊េរីថ្មីមួយរបស់ចិន ដែលត្រូវបានដាក់តាំងបង្ហាញនាពេលថ្មីៗនេះ អាចនឹងជួយពង្រឹងសមត្ថភាពយោធាចិនក្នុងការទប់ទល់ ឬប្រយុទ្ធជាមួយយន្ដហោះចម្បាំងបំបាំង ដូចជាយន្ដហោះចម្បាំងអាមេរិក F-35 ជាដើម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩។
យន្ដហោះដ្រូន LJ-I បានបង្ហាញខ្លួន នៅឯពិព័រណ៍យន្ដហោះចម្បាំងអន្តរជាតិក្នុងទីក្រុង ហ្សូកូវស្កាយ (Zhukovsky) ស្ថិតនៅក្បែរទីក្រុងម៉ូស្គូកាលពីសប្ដាហ៍មុន។ យន្ដហោះដ្រូនមួយនេះ ត្រូវបានអ្នកជំនាញយោធាចិនវាយតម្លៃថា មានសមត្ថភាពខ្ពស់ អាចហោះបានរយៈពេលយូរ ព្រមទាំង មានបំពាក់ទៅដោយប្រព័ន្ធអាវុធអេឡិចត្រូម៉ាញេទិចផងដែរ។
គួរបញ្ជាក់ថា យន្ដហោះដ្រូន LJ-I ក៏មានសមត្ថភាពប្រហាក់ប្រហែលនឹងយន្ដហោះចម្បាំង ជំនាន់ទី ៤ ឬទី ៥ ផងដែរ។ ប៉ុន្តែគួរឱ្យកត់សម្គាល់ការបង្ហាញរបស់យន្ដហោះដ្រូននេះ កើតមានឡើងនៅចំពេលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដូចជាកូរ៉េខាងត្បូង ជប៉ុន និងអូស្ត្រាលី បង្កើនការទិញ និងដាក់ង្រាយយន្ដហោះចម្បាំង F-35 ដើម្បីទប់ស្កាត់ការកើនឡើងនៃ ឥទ្ធិពលយោធាចិននៅក្នុងតំបន់៕