(តូក្យូ)៖ មនុស្សរាប់សិបនាក់បានទទួលរងរបួស បន្ទាប់ពីរថភ្លើងមួយខ្សែ បានបុកគ្នាជាមួយរថយន្តធុនធំមួយគ្រឿងនៅក្បែរទីក្រុងតូក្យូ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩។
ហេតុការណ៍ខាងលើបានកើតឡើងនៅផ្លូវបំបែកមួយក្នុងទីក្រុង យូកូហាម៉ា (Yokohama) ដែលស្ថិតនៅក្បែរទីក្រុងតូក្យូ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយរថភ្លើងដែលកំពុងធ្វើដំណើរលើផ្លូវដែក គេអ៊ិគ្យុ (Keikyu) ដែលស្ថិតនៅចន្លោះស្ថានីយរថភ្លើងស៊ីមម៉ាជិ (Shimmachi) និងណាកាគីដូ (Nakakido) បានបុកគ្នាជាមួយរថយន្តធុនធំមួយគ្រឿង នៅចំណុចផ្លូវបំបែកនោះ ខណៈកំណាត់ទូរក្បាលរថភ្លើងបានធ្លាក់ចេញពីផ្លូវ និងត្រូវភ្លើងឆាបឆេះថែមទៀត។
គួរជម្រាបថា បើតាមក្រុមអ្នកជួយសង្រ្គោះមនុស្សប្រហែលជាង ៣០នាក់អាចទទួលរងរបួស ប៉ុន្តែពុំមានការបញ្ជាក់ច្បាស់ថា អាចមានអ្នកបាត់បង់ជីវិតនោះទេ៕