(ប៉េកាំង)៖ ចិននិងសហរដ្ឋអាមេរិកបានឯកភាពគ្នាថា នឹងលើកកិច្ចចរចាពាណិជ្ជកម្មជុំថ្មីទៅដើមខែតុលាវិញ នៅឯទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩។
ក្រសួងពាណិជ្ជកម្មចិន នាថ្ងៃព្រហស្បតិ៍នេះបានចេញសេចក្តីប្រកាសប្រាប់ពីដំណឹងខាងលើ បន្ទាប់ពីឧបនាយករដ្ឋមន្រ្តីចិន លោក Liu He បានជជែកតាមទូរស័ព្ទជាមួយមន្រ្តីតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer និងរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin។
ពីដំបូងឡើយកិច្ចចរចាពាណិជ្ជកម្មជុំថ្មី ត្រូវបានគ្រោងនឹងរៀបចំឡើងនៅក្នុងខែកញ្ញានេះ ក៏ប៉ុន្តែកាលពីដើមខែប្រទេសទាំងពីរទើបតែបានដំឡើងពន្ធដាក់គ្នាលើទំនិញថ្មីទៀត។ យ៉ាងណាមិញ នៅមុនជំនួបខែតុលា ក្រុមមន្រ្តីចិននិងអាមេរិក ក៏នឹងពិគ្រោះយោបល់គ្នា នៅពាក់កណ្តាលខែនេះផងដែរ។
គួរជម្រាបថា កិច្ចចរចាពាណិជ្ជកម្មថ្នាក់មន្រ្តីជាន់ខ្ពស់រវាងចិននិងអាមេរិកជុំទី១២ បានប្រព្រឹត្តទៅនៅទីក្រុងសៀងហៃប្រទេសចិន កាលពីចុងខែកក្កដាកន្លងទៅ ខណៈនៅខែតុលាខាងមុខ វានឹងជាកិច្ចចរចាពាណិជ្ជកម្មជុំទី១៣ហើយ ចាប់តាំងតែពីសង្រ្គាមផ្នែកពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរបានផ្ទុះឡើង៕