(វ៉ាសូវី)៖ នាពេលថ្មីៗនេះ ប៉ូឡូញបានដាក់សំណើទៅកាន់សហរដ្ឋអាមេរិក ដើម្បីទិញមីស៊ីលប្រឆាំងរថក្រោះ FGM-148 Javelin ព្រមទាំងយន្តហោះយោធាដឹកជញ្ជូនខ្នាតធំ Hercules។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Defense News នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩។
សំណើទិញសព្វាវុធរបស់ប៉ូឡូញ ត្រូវបានប្រកាសឲ្យដឹង ក្នុងកំឡុងពិព័រណ៍ប្រចាំឆ្នាំស្តីពីឧស្សាហកម្មផ្នែកការពារជាតិអន្តរជាតិ ហៅកាត់ថា MSMPO ដែលបានចាប់ផ្តើមប្រព្រឹត្តទៅនៅទីក្រុងគាល (Kielce) នៃប្រទេសប៉ូឡូញ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយនឹងបន្តរហូតដល់ថ្ងៃសុក្រ។ រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក ម៉ារ៉ូស្ស ប្លាហ្សាក់ (Mariusz Blaszczak) បានចុះហត្ថលេខាដោយផ្ទាល់លើសំណើនេះ កំឡុងពិព័រណ៍ MSMPO។
កំឡុងពិព័រណ៍ខាងលើ ក្រុមហ៊ុនផលិតសព្វាវុធអាមេរិក Lockheed Martin បានឲ្យដឹងថា ប៉ូឡូញក៏កំពុងពិចារណា ទិញយន្តហោះ ចម្បាំង F-35 ចំនួន៣២គ្រឿងពីអាមេរិកផងដែរ។ កាលពីខែឧសភា ឆ្នាំ២០១៩នេះ លោក Blaszczak បាននិយាយថា ប៉ូឡូញមានបំណងទិញយន្តហោះចម្បាំង F-35 ចំនួន៣២គ្រឿង ដើម្បីយកមកប្រើជំនួសយន្តហោះចម្បាំងចាស់ៗដែលទិញពីសូវៀត រួមមានដូចជា Sukhoi Su-22 និង Mikoyan MiG-29 ជាដើម។
គួរជម្រាបថា មីស៊ីល FGM-148 Javelin គឺជាអាវុធសម្រាប់កម្ទេចរថក្រោះ ដែលកងទ័ពអាចលីលើស្មាដើម្បីបាញ់បាន។ វាត្រូវ បានផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin និង Raytheon។ រីឯយន្តហោះ C-130 Hercules គឺជា យន្តហោះយោធា ដឹកជញ្ជូនខ្នាតធំមានម៉ាស៊ីន៤ ដែលផលិតឡើងដោយក្រុមហ៊ុន Lockheed Martin៕