(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានចេញបញ្ជាឱ្យកងទ័ពជាតិទាំងអស់ស្ថិតនៅក្នុងលក្ខណៈ ប្រុងជើងការខ្ពស់ ដើម្បីត្រៀមខ្លួនទប់ទល់នឹងការឈ្លានពាន ណាមួយពីសំណាក់កូឡុំប៊ី បន្ទាប់ពីអតីតមេបញ្ជាក្រុមឧទ្ទាម មួយប្រកាសបំពាក់អាវុធឡើងវិញ៕
២៖ សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង អាចនឹងមានជាប់ពាក់ព័ន្ធនៅក្នុងការប្រព្រឹត្តបទឧក្រិដ្ឋសង្រ្គាមនៅក្នុង ប្រទេសយ៉េមែន តាមរយៈការផ្ដល់អាវុធ និងព័ត៌មានសម្ងាត់ ព្រមទាំងការគាំទ្រផ្នែកភស្ដុភា ដល់ក្រុមចំរុះអារ៉ាប់ដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត៕
៣៖ អាជ្ញាធរឥណ្ឌូណេស៊ីបានឲ្យដឹងថា មកទល់ពេលនេះ ឥណ្ឌូណេស៊ីបានបញ្ជូនសំរាមរាប់រយកុងតឺនឺត្រឡប់ទៅកាន់ ប្រទេសដែលជាប្រភពដើមវិញហើយ៕
៤៖ អ្នកវិទ្យាសាស្រ្តបានព្រមានទុកជាមុនថា ផ្ទាំងយក្សនៃកោះគ្រីនលែន (Greenland) របស់ប្រទេសដាណឺម៉ាក ទំនងជាបានរលាយក្នុងបរិមាណដ៏ច្រើនមិនធ្លាប់មាននៅក្នុងឆ្នាំនេះ ដែលវាពិតជាបង្ហាញថាការប្រែប្រួលធាតុអាកាសសកល ពិតជាកំពុងវិវឌ្ឍន៍កាន់តែធ្ងន់ធ្ងរ៕
៥៖ ជើងហោះរហើរចំនួន ១,៥០០ នៅក្នុងរដ្ឋផ្លូរីដាត្រូវបានលុបចោលនៅថ្ងៃអង្គារ សប្ដាហ៍នេះ ដោយសារតែព្យុះហឺរីខិន កំណាច ដូរៀន (Hurricane Dorian) ដែលកំពុងសំដៅមករដ្ឋនេះ ក្រោយពីបានវាយប្រហារយ៉ាងដំណំ លើប្រទេសបាហាម៉ាស់៕
៦៖ អភិបាលទីក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) នាថ្ងៃពុធនេះ បានប្រកាសថា លោកស្រីនឹងលុបចោលជាផ្លូវការ នូវច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាស ដែលជាមូលហេតុចម្បងបង្កឲ្យមានការធ្វើបាតុកម្មយ៉ាងកក្រើក នៅក្នុងទីក្រុងស្វយ័តចិន មួយនេះ ដែលបានអូសបន្លាយមកដល់ពេលបច្ចុប្បន្ន គឺជាងបីខែហើយ៕