(សេអ៊ូល)៖ អត្រានៃការលក់រថយន្តជប៉ុននៅក្នុងប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះយ៉ាងគំហុកកាលពីខែសីហាកន្លងទៅ ខណៈប្រជាជនកូរ៉េខាងត្បូង បានធ្វើពហិកាលើផលិតផលជប៉ុន ដោយសារតែជម្លោះពាណិជ្ជកម្មដ៏តានរវាងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូកាន់តែក្តៅខ្លាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩។
យោងតាមរបាយការណ៍របស់សមាគមអ្នកនាំចូល និងចែកចាយយានយន្តរបស់កូរ៉េខាងត្បូង KAIDA ចំនួនរថយន្តជប៉ុនដែលលក់ដាច់នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីកំឡុងខែសីហាមានចំនួនត្រឹម ១,៣៩៨គ្រឿង ដែលជាការធ្លាក់ចុះក្នុងអត្រា ៥៦.៩ភាគរយ ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុនដែលមានចំនួន ៣,២៤៧គ្រឿង។ អត្រានៃការលក់រថយន្តដែលជាម៉ូដែលរបស់ជប៉ុន បានធ្លាក់ចុះតាំងពីខែកក្កដាមក នៅពេលយុទ្ធនាការពហិកាផលិតផលជប៉ុន បានចាប់ផ្តើមនៅកូរ៉េខាងត្បូង។
គួរជម្រាបថា យុទ្ធនាការខាងលើបានចាប់ផ្តើមឡើង នៅពេលដែលរដ្ឋាភិបាលទីក្រុងតូក្យូ បានរឹងបន្តឹងការនាំចេញផលិតផល ដែលជាវត្ថុធាតុដើមផ្នែកបច្ចេកវិទ្យាដ៏សំខាន់ មកកាន់កូរ៉េខាងត្បូង។ កាលពីខែសីហាជប៉ុនក៏បានដកកូរ៉េខាងត្បូងជាផ្លូវការ ចេញបញ្ជីអនុគ្រោះការធ្វើពាណិជ្ជកម្មរបស់ខ្លួនថែមទៀត ខណៈទីក្រុងសេអ៊ូលបានចេញចំណាត់ការឆ្លើយតបវិញដូចគ្នា៕