Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌូណេស៊ីទើបបញ្ជូនសំរាម២៥០កុងតឺនឺទៅកាន់ប្រភពដើមវិញ ខណៈ១,០០០កុងតឺនឺទៀតស្ថិតក្នុងការពិនិត្យ (Video inside)

04-09-2019 16:55

(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ីបានឲ្យដឹងថា មកទល់ពេលនេះ ឥណ្ឌូណេស៊ីបានបញ្ជូនសំរាមរាប់រយកុងតឺនឺ ត្រឡប់ទៅកាន់ប្រទេសដែលជាប្រភពដើមវិញហើយ។ នេះបើតាមការដកស្រង់ផ្សាយ ចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមមន្រ្តីគយឥណ្ឌូណេស៊ីម្នាក់ ទូរកុងតឺនឺផ្ទុកសំរាមសរុបប្រហែល ២៥០ទូរ ដែលបាននាំចូលមកកាន់ឥណ្ឌូណេស៊ីដោយខុសច្បាប់ ត្រូវបានបញ្ជូនត្រឡប់ទៅកាន់ប្រទេសដើមរបស់ពួកវាវិញហើយ អំឡុងប៉ុន្មានខែចុងក្រោយនេះ ខណៈអាជ្ញាធរកំពុងតែបន្តត្រួតពិនិត្យលើកុងតឺនឺ ដែលផ្ទុកកាកសំណល់ហាមឃាត់ជាង ១,០០០ទូរទៀត។

គួរជម្រាបថា ក្នុងចំណោមសំរាមប្រមាណ ២៥០កុងតឺនឺនោះមាន ៤៩ទូរត្រូវបានបញ្ជូនត្រឡប់ទៅសហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង ហុងកុង និងអូស្រ្តាលី ចេញពីកោះបាតាំ (Batam)។ រីឯជាង ២០០ទៀត ត្រូវបានបញ្ជូនចេញពីទីក្រុងសួរ៉ាបាយ៉ា (Surabaya) ទៅកាន់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអាល្លឺម៉ង់។ ស្របពេលជាមួយគ្នា ទីក្រុងហ្សាការតាកំពុងរៀបចំបញ្ជូនសំរាមខ្ទង់ ១៥០កុងតឺនឺទៀតចេញ ទៅកាន់ប្រទេសជាប្រភពដើមវិញ និងកំពុងត្រួតពិនិត្យមើលជាង ១,០០០ទូរទៀត ដែលអាចមានផ្ទុកកាកសំណល់ហាមឃាត់៕