(គូឡាឡាំពួរ)៖ ក្រសួងការបរទេសម៉ាឡេស៊ីនាថ្ងៃពុធបានឲ្យដឹងថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ (Mahathir Mohamad) នឹងបង្កើន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសរុស្ស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចរយៈពេល ០៣ថ្ងៃនៅរុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩។
ដំណើរទស្សនកិច្ចរបស់លោក Mahathir នៅប្រទេសរុស្ស៊ី នឹងចាប់ផ្តើមពីថ្ងៃពុធនេះហើយបន្តរហូតដល់ថ្ងៃសុក្រ បន្ទាប់ពីលោកទើបតែចាកចេញពីកម្ពុជា។ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងត្រូវថ្លែងសុន្ទរកថាគន្លឹះមួយ កំឡុងការចូលរួមវេទិកាសេដ្ឋកិច្ច EEF លើកទី ៥ នៅឯទីក្រុងវ្ល៉ាឌីវ៉ូស្តូក (Vladivostok) ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន។
គួរជម្រាបថា បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសម៉ាឡេស៊ី ជំនួបពិភាក្សាទ្វេភាគីក៏នឹងត្រូវរៀបចំឡើងផងដែរ ខណៈដំណើរទស្សនកិច្ចរបស់លោក Mahathir នឹងផ្តល់ឱកាសឲ្យម៉ាឡេស៊ីជជែកក៏ដូចជាផ្លាស់ប្តូរទស្សនៈគ្នា ជុំវិញចំណងទាក់ទងទ្វេភាគី រួមជាមួយបញ្ហាក្នុងតំបន់ និងបញ្ហាអន្តរជាតិមួយចំនួន៕