(ឡុងដ៍)៖ សមាជិកសភាបក្សអភិរក្សនិយមអង់គ្លេសយ៉ាងហោចណាស់ ២១នាក់ ត្រូវបានបណ្ដេញចេញពីគណបក្សគ្រប់គ្រងរដ្ឋាភិបាលបច្ចុប្បន្ន បន្ទាប់ពីពួកគេបានបោះឆ្នោតប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី បូរីស ចនសុន (Boris Johnson) ដើម្បីរាំងខ្ទប់ការចាកចេញពីសហភាពអឺរ៉ុប តាមរយៈការធ្វើឲ្យគ្មានកិច្ចព្រមព្រៀង ឬ no-deal Brexit កើតឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩។

លោក ម៉ាក ស្ពេនសឺ (Mark Spencer) ដែលជាប្រធានទទួលបន្ទុកផ្នែកវិន័យ នៃបក្សអភិរក្សនិយម បានសម្រេចចិត្តដកសមាជិកភាពនៃសមាជិកសភា ២១នាក់ ក្នុងនោះមានទាំងអតីតអធិការបតីអង់គ្លេស លោក ហ្វីលីព ហាំម៉ុនដ៍ (Philip Hammond) និងលោក ស៊ឺ នីកូឡាស សោម៉េស (Sir Nicholas Soames) ដែលជាចៅប្រុសបង្កើតរបស់ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក វីនស្តុន ឆឺឈីល (Winston Churchill) ផងដែរ។ ការដកសមាជិកភាពនេះមានន័យថា សមាជិកសភាទាំងនេះត្រួវបានបណ្ដេញពីបក្ស។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារម្សិលមិញសេចក្ដីព្រាងច្បាប់រាំងខ្ទប់ no-deal Brexit ត្រូវបានអនុម័តក្នុងសំឡេងគាំទ្រ ៣២៨សំឡេង ទល់នឹង ៣០១សំឡេង ហើយក្នុងនោះមានសមាជិកសភា នៃគណបក្សអភិរក្សនិយមកំពុងកាន់អំណាចសរុប ២១នាក់ ចូលរួមជាមួយគណបក្សប្រឆាំង។ ដោយឡែកជាការឆ្លើយតបនឹងបរាជ័យនេះ លោក Boris Johnson បានប្រកាសថា លោកមានគម្រោងអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតសកល មុនអាណត្តិ។ ប៉ុន្តែទាល់តែមានការយល់ព្រមពីសមាជិកសភារហូតដល់ ២ ភាគ ៣ ជាមុនសិន ទើបការបោះឆ្នោតនេះអាចប្រព្រឹត្តទៅបាន៕