(បរទេស)៖ អ្នកវិទ្យាសាស្រ្តបានព្រមានទុកជាមុនថា ផ្ទាំងយក្សនៃកោះគ្រីនលែន (Greenland) របស់ប្រទេសដាណឺម៉ាក ទំនងជាបានរលាយក្នុងបរិមាណដ៏ច្រើនមិនធ្លាប់មាននៅក្នុងឆ្នាំនេះ ដែលវាពិតជាបង្ហាញថា ការប្រែប្រួលធាតុអាកាសសកលពិតជាកំពុងវិវឌ្ឍន៍កាន់តែធ្ងន់ធ្ងរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នារសៀលថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩។
ក្រុមអ្នកស្រាវជ្រាវមានការភ្ញាក់ផ្អើលខ្លាំង ដោយសារការរលាយតែលឿនខ្លាំង នៃផ្ទាំងទឹកកកនៅលើកោះគ្រីនលែន ហើយពួកគេក៏ព្រួយបារម្ភសម្រាប់អនាគតរបស់ទីក្រុង ដែលស្ថិតនៅតាមបណ្តោយឆ្នេរជុំវិញពិភពលោកផងដែរ។ អំឡុងឆ្នាំ២០១៩នេះ កោះ គ្រីនលែនបានបាត់បង់ទឹកកកក្នុងបរិមាណ ដែលល្មមនឹងអាចធ្វើឲ្យកម្ពស់ទឹកសមុទ្រ កើនឡើងជាងមួយមីលីម៉ែត្រជាសកល។
គួរជម្រាបថា ផ្ទាំងទឹកកយក្សនៅកោះគ្រីនលែនមានគ្របដណ្តប់ប្រហែល ៨០ភាគរយ នៃផ្ទៃដីកោះនេះទាំងមូលដែលមានទំហំជាង ២លានគីឡូម៉ែត្រក្រឡា ប្រហាក់ប្រហែលទឹកដីរបស់ប្រទេសសេដ្ឋីប្រេងអារ៉ាប៊ីសាអូឌីត ហើយវាគឺជាផ្ទាំងទឹកកកធំជាងគេទីពីរនៅលើពិភពលោក បន្ទាប់ពីអង់តាក់ទិក និងមានកម្រាស់ ២-៣គីឡូម៉ែត្រ។
បើផ្ទាំងទឹកកកនៅលើកោះគ្រីនលែនរលាយទាំងអស់តែម្តងវិញ វាអាចធ្វើឲ្យកម្រិតទឹកសមុទ្រនៅជុំវិញពិភពលោក កើនកម្ពស់ដល់ ០៧ម៉ែឯណោះ។ ទោះរឿងបែបនេះនឹងពុំកើតឡើងក្នុងពេលរាប់រយ ឬរាប់ពាន់ឆ្នាំខាងមុខក៏ដោយ កំណើននៃកម្រិតរលាយរបស់ផ្ទាំងទឹកកកនៅកោះគ្រីនលែន ក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍ខាងមុខ អាចបង្កការគំរាមកំហែងដល់មនុស្សរាប់លាននាក់ ដែលរស់នៅក្នុងទីក្រុងដែលស្ថិតតាមបណ្តោយឆ្នេរសមុទ្រ ជាពិសេសទីក្រុងដែលទាបជាងនីវ៉ូទឹកសមុទ្រ៕