(តេហេរ៉ង់)៖ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយថាទីក្រុងតេហេរ៉ង់ នឹងត្រឡប់មកអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ បើសិនជាទទួលបានប្រាក់កម្ចី ១៥ពាន់លានដុល្លារ សម្រាប់វិស័យប្រេងក្នុងរយៈពេល៤ខែ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩។
លោក Abbas Araqchi ធ្វើការកត់សម្គាល់ខាងលើប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ Fars នៅថ្ងៃពុធ នេះ និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាបារាំងមានផែនការផ្ដល់ប្រាក់កម្ចីឱ្យអ៊ីរ៉ង់ ១៥ពាន់លានដុល្លារ។ លោក Araqchi បានគូសបញ្ជាក់ដូច្នេះថា៖ « ការត្រឡប់ទៅអនុវត្តកិច្ច ព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ របស់យើងវិញ គឺវាក៏អាស្រ័យលើប្រាក់កម្ចី១៥ពាន់លានដុល្លារ សម្រាប់រយៈពេល៤ខែដែរ បើពុំដូច្នោះទេ ការកាត់បន្ថយការបេជ្ញាចិត្ត ឬការអនុវត្តរបស់យើង នឹងនៅតែបន្តធ្វើឡើង»។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ មានសេចក្ដីរាយការណ៍ជាច្រើនថា បារាំងមានគម្រោងផ្ដល់ប្រាក់កម្ចី ១៥ពាន់លានដុល្លារឱ្យអ៊ីរ៉ង់ ជាថ្នូរនឹងការឱ្យទីក្រុងតេហេរ៉ង់ គោរពតាម និងអនុវត្តកិច្ចព្រមព្រៀង នុយក្លេអ៊ែរឡើងវិញ។ ប៉ុន្តែ ការសម្រេចចិត្តបែបនេះ ក៏អាស្រ័យលើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំផងដែរ៕