Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យូអិន៖ «សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង អាចជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មសង្គ្រាមនៅយ៉េមែន» (Video inside)

04-09-2019 13:23

(យ៉េមែន)៖ សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង អាចនឹងមានជាប់ពាក់ព័ន្ធនៅក្នុងការប្រព្រឹត្ត បទឧក្រិដ្ឋសង្រ្គាមនៅក្នុងប្រទេសយ៉េមែន តាមរយៈការផ្ដល់អាវុធ និងព័ត៌មានសម្ងាត់ ព្រមទាំងការគាំទ្រផ្នែកភស្ដុភា ដល់ក្រុមចំរុះអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីត។ នេះបើតាមក្រុមអ្នកស៊ើបអង្កេត UN ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅរសៀលថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩។

ក្រុមអ្នកស៊ើបអង្កេត UN នៅក្នុងរបាយការណ៍មួយ ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ បានឱ្យដឹងទៀតថា សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង រួមទាំងបណ្ដាប្រទេសលោកខាងលិចមួយចំនួន អាចនឹងក្លាយជាអ្នកទទួលខុសត្រូវ លើបទឧក្រិដ្ឋសង្រ្គាមនៅក្នុងប្រទេសយ៉េមែន ដោយសារតែការជួយ ឬគាំទ្រ ក្រុមចំរុះអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីត ប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់។

បន្ថែមពីលើនេះ បើតាមក្រុមអ្នកជំនាញ UN ភាគីជម្លោះនៅក្នុងប្រទេសយ៉េមែន សុទ្ធតែមានជាប់ពាក់ព័ន្ធនឹងការប្រពឹ្រត្តអំពើហិង្សា និងនិទន្តភាពជាពិសេសគឺពាក់ព័ន្ធនឹង ការវាយប្រហារតាមផ្លូវអាកាសលើជនស៊ីវិល ការធ្វើទារុណកម្ម, ការរំលោភបំពានផ្លូវភេទ និងការរារាំង ឬបង្កការលំបាកដល់ការផ្ដល់ជំនួយមនុស្សធម៌របស់ UN ដល់ប្រជាជនយ៉េមែន។

គួរបញ្ជាក់ថា បើតាមអង្គការសហប្រជាជាតិ សង្រ្គាមបួនឆ្នាំមកនេះនៅក្នុងប្រទេសយ៉េមែន បានផ្ដាច់ជីវិតជនស៊ីវិល ៧,២៩០នាក់ ហើយបន្សល់ទុកប្រជាជន ៨០ភាគរយ នៃប្រជាជនយ៉េមែនទាំងអស់ ២៤លាននាក់ នៅក្នុងវិបត្តិមនុស្សជាតិដ៏ធ្ងន់ធ្ងរ ដោយក្នុងនោះប្រជាជន ១០លាននាក់ ត្រូវរស់ពឹងផ្អែកលើជំនួយមនុស្សធម៌៕