(អាមេរិក)៖ រដ្ឋជាងពាក់កណ្តាលនៅសហរដ្ឋអាមេរិក កំពុងតែរួមគ្នាគ្រោងបើកការស៊ើបអង្កេត លើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ពាក់ព័ន្ធការរំលោភបំពានលើច្បាប់ប្រកួតប្រជែងក្នុងទីផ្សារ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Washington Post នៅរសៀលថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩។
យោងតាមកាសែត Washington Post អគ្គរដ្ឋអាជ្ញាអាមេរិកនៅរដ្ឋចំនួនជាង ៣០ កំពុងរៀបចំបើកការស៊ើបអង្កេតមួយ ដែលនឹងត្រូវប្រកាសនៅថ្ងៃទី០៩ ខែកញ្ញានេះ ទៅលើក្រុមហ៊ុនបច្ចេកវិទ្យា Google ក្រោមការសង្ស័យថា ក្រុមហ៊ុននេះអាចមានការរំលោភបំពាន លើច្បាប់ប្រកួតប្រជែងទីផ្សារ។
គួរជម្រាបថា គម្រោងបើកការស៊ើបអង្កេតនេះ អាចបង្កការគំរាមកំហែងដល់គំរូស្នូល នៃការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន Google ដោយក្រុមហ៊ុនអាចត្រូវបង្ខំឲ្យផ្លាស់ប្តូរ របៀបរបបធ្វើជំនួញរបស់ខ្លួន ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង និងមិនសូវផ្តល់ប្រាក់ចំណេញដល់ Google ឡើយ ប្រសិនបើការស៊ើបអង្កេតរកឃើញភស្តុតាង ដែលបង្ហាញពីទង្វើប្រឆាំងភាពប្រកួតប្រជែងទីផ្សារមែននោះ។ ក្រៅពីនេះក្រុមហ៊ុន Google ក៏អាចប្រឈមនឹងការពិន័យជាប្រាក់រាប់ពាន់លានដុល្លារថែមទៀត ដូចដែលក្រុមហ៊ុនធ្លាប់ឆ្លងកាត់ នៅតំបន់អឺរ៉ុបនាពេលកន្លងមកនេះ៕