(វ៉ាស៊ីនតោន)៖ ជើងហោះរហើរចំនួន ១,៥០០ នៅក្នុងរដ្ឋផ្លូរីដាត្រូវបានលុបចោលនៅថ្ងៃអង្គារ សប្ដាហ៍នេះ ដោយសារតែព្យុះហឺរីខិនកំណាច ដូរៀន (Hurricane Dorian) ដែលកំពុងសំដៅមករដ្ឋនេះ ក្រោយពីបានវាយប្រហារយ៉ាងដំណំលើប្រទេសបាហាម៉ាស់។ នេះបើតាមវែបសាយ FlightAware ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមទិន្នន័យបង្ហោះលើគេហទំព័រ FlightAware ជើងហោះហើរដែលត្រូវបានលុបចោល ធ្វើឡើងនៅឯអាកាសយានដ្ឋានជាច្រើននៅក្នុងទីក្រុង ម៉ៃអាមី (Miami), អូរឡេនដូ (Orlando), ហ្វតឡូដឺដាល (Fort Lauderdale) និង ផាមប៊ីច (Palm Beach)។

គួរជម្រាបថា កាលពីថ្ងៃអាទិត្យព្យុះ Hurricane Dorian បានវិវត្តខ្លួនទៅជាព្យុះ Hurricane កម្រិតទី ៥ ជាមួយល្បឿនខ្យល់បក់ ២៩៧គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះដ៏កំណាចមួយនេះ ក៏បានផ្ដាច់ជីវិតមនុស្ស ០៧នាក់ និងបំផ្លាញផ្ទះសម្បែងព្រមទាំងអគារ ១,៣០០០ខ្នងផងដែរ នៅក្នុងប្រទេសបាហាម៉ាស់។ សម្រាប់រដ្ឋផ្លូរីដាវិញត្រូវបានគេរំពឹងថា នឹងទទួលរងឥទ្ធិពលព្យុះនេះយ៉ាងខ្លាំង ជាពិសេសនៅភាគខាងកើតរដ្ឋតែម្តង៕