(ប៉ាស៊ីហ្វិក)៖ ប្រទេសសូឡូម៉ុន (Solomon) ដែលជាប្រជុំកោះស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិក នាពេលឆាប់ៗខាងមុខអាចនឹងបោះបង់ចោលកោះតៃវ៉ាន់ រួចងាកទៅស្វាគមន៍ចិនវិញ តាមរយៈការបង្កើតទំនាក់ទំនងការទូត និងទទួលស្គាល់នយោបាយចិនតែមួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩។
គណៈកម្មការមួយដែលត្រូវបានបង្កើតឡើងដោយ នាយករដ្ឋមន្រ្តីប្រទេស Solomon លោក មែណាស្សេហ៍ សូហ្គាវែ (Manasseh Sogavare) ដើម្បីធ្វើការថ្លឹងថ្លែងលើផលប្រយោជន៍ ដែលទទួលបានពីការផ្លាស់ប្តូរទំនាក់ទំនងការទូតពីទីក្រុងតៃប៉ិ ទៅកាន់ទីក្រុងប៉េកាំងវិញនោះ គឺមានទំនោរទៅខាងទីក្រុងប៉េកាំង។ នេះបើតាមការបង្ហើបប្រាប់ពីសមាជិកសភាម្នាក់ នៃប្រទេស Solomon។
គួរជម្រាបថា បើសិនជាប្រទេស Solomon សម្រេចបោះបង់ចោលតៃវ៉ាន់មែននោះ ទីក្រុងតៃប៉ិនឹងនៅសល់ប្រទេសចំនួនតែ ១៦ប៉ុណ្ណោះ ដែលឈរនៅខាងខ្លួន។ កាលពីឆ្នាំ២០១៨ ប្រទេស បួគីណាហ្វាសូ នៅតំបន់អាហ្វ្រិក (Burkina Faso), សាធារណរដ្ឋដូមីនីក និងប្រទេសអែលសាវ៉ាឌ័រ សុទ្ធតែបានងាកចេញពីកោះតៃវ៉ាន់ ហើយងាកទៅផ្សាភ្ជាប់ទំនាក់ទំនង ជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំងវិញ ដោយសារពួកគេសំឡឹងមើលឃើញនូវសក្តានុពលនៃការអភិវឌ្ឍសេដ្ឋកិច្ច៕