(ប៉ារីស)៖ បារាំងមានផែនការផ្ដល់ប្រាក់កម្ចី ១៥ពាន់លានដុល្លារឱ្យអ៊ីរ៉ង់ រហូតដល់ចុងឆ្នាំ២០១៩ បើសិនជាទីក្រុងតេហេរ៉ង់យល់ព្រមត្រឡប់មកអនុវត្ត កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ឡើងវិញ។ ប៉ុន្តែការសម្រេចចិត្តបែបនេះ ក៏អាស្រ័យលើការយល់ព្រមពីសហរដ្ឋអាមេរិកផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩។
ទីភ្នាក់ងារសារព័ត៌មាន Reuters ផ្អែកលើប្រភពដែលខ្លួនទទួលបាន បានបញ្ជាក់ទៀតថា រដ្ឋមន្ត្រីការបរទេសបារាំងលោក ហ្សង់ អ៊ីវ ឡឺទ្រីយ៉ង់ (Jean-Yves le Drian) ជាអ្នកលើកឡើងពីគំនិតផ្ដល់ប្រាក់កម្ចីនេះ ដែលនឹងជួយការពារប្រាក់ចំណូល ពីវិស័យប្រេងរបស់អ៊ីរ៉ង់។ ប៉ុន្តែបើសិនជាសហរដ្ឋអាមេរិកមិនយល់ព្រម គម្រោងនេះក៏មិនអាចដំណើរការទៅមុខដែរ។ លោក le Drian បានកត់សម្គាល់ដូច្នេះថា «ជាការដោះដូរនឹងកម្ចី ទីមួយអ៊ីរ៉ង់ត្រូវតែអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ... ទីពីរត្រូវបង្កើនសន្តិសុខក្នុងតំបន់ឈូងសមុទ្រ តាមរយៈការបើកកិច្ចចរចាស្ដីពីសន្តិសុខថ្នាក់តំបន់ ជាដើម»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម ជាលក្ខណៈឯកតោភាគីលើអ៊ីរ៉ង់ កាលពីឆ្នាំ២០១៨ ក្រោយដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥។ តែជាការឆ្លើយតប អ៊ីរ៉ង់បានចាប់ផ្ដើមការចម្រាញ់អ៊ុយរ៉ាញ៉ូមឡើងវិញ ព្រមទាំងកាត់បន្ថយការអនុវត្តតាមកិច្ចព្រមព្រៀងនេះ ខណៈទីក្រុងវ៉ាស៊ីនតោន មិនបានបញ្ចេញសញ្ញាវិជ្ជមាន ឬក៏បន្ធូរដៃឡើយ។ ដូច្នេះហើយទើបគេយល់ថា គម្រោងរបស់បារាំងក្នុងការផ្ដល់ប្រាកកម្ចីឱ្យអ៊ីរ៉ង់ ទំនងជាមិនអាចទៅរួចឡើយ បើសហរដ្ឋអាមេរិកមិនយល់ព្រម៕