(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានលុបចោលនូវលទ្ធភាពនៃការជួប ចរចាគ្នាដោយ ផ្ទាល់ជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធកម្មវិធីនុយក្លេអ៊ែរនៃប្រទេសអ៊ីរ៉ង់។ នេះបើ តាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩។
នាឱកាសបើកសម័យប្រជុំមួយនៅក្នុងសភាអ៊ីរ៉ង់ លោក Rouhani បានលើកឡើងដូច្នេះថា «ពួកយើងមិនដែលធ្លាប់មានការសម្រេចចិត្តចង់ជួបចរចាផ្ទាល់ជាមួយសហរដ្ឋអាមេរិកឡើយ»។ លោកប្រធានាធិបតីអ៊ីរ៉ង់ បានបញ្ជាក់ថា ទីក្រុងតេហេរ៉ង់តែងតែបង្ហាញការបដិសេធជានិច្ច ចំពោះសំណើចរចាទល់មុខគ្នារបស់អាមេរិក។
ប៉ុន្តែលោក Rouhani បាននិយាយថា ប្រសិនបើអាមេរិកដកទណ្ឌកម្មចេញវិញ ទីក្រុងវ៉ាស៊ីនតោ នអាចចូលរួមក្នុង ទម្រង់ពិភាក្សា «P5+1» បាន ដោយលោកចង់សំដៅលើសមាជិកអចិន្រ្តៃយ៍ ទាំង០៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បូកជាមួយអាល្លឺម៉ង់។ កាលពីសប្តាហ៍មុន លោក Hassan Rouhani ក៏បានដាក់លក្ខខណ្ឌដែរថា អាមេរិកគួរតែដកទណ្ឌកម្មវិញ ដើម្បីឲ្យកិច្ចចរចាអាចកើតឡើងទៅបាន។
រីឯក្រុមមន្រ្តីអ៊ីរ៉ង់ក៏ធ្លាប់បានសង្កត់ធ្ងន់ជាដដែលៗដែរថា ការចរចាណាមួយជាមួយអាមេរិក អាចប្រព្រឹត្តទៅបាន ជុំវិញបញ្ហា នុយក្លេអ៊ែរអ៊ីរ៉ង់លុះត្រាតែទីក្រុងវ៉ាស៊ីនតោនវិលមក ចូលកិច្ចព្រមព្រៀងអ៊ីរ៉ង់វិញ បន្ទាប់ពីខ្លួនបានដើរចេញកាលពីឆ្នាំ២០១៨ ៕