Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សកម្មជនហុងកុង ជំរុញឲ្យតៃវ៉ាន់ ចូលរួមតវ៉ាដើម្បីលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុង

03-09-2019 23:42

(ចិន)៖ ក្រុមសកម្មជនហុងកុង នៅថ្ងៃអង្គារនេះ បានជំរុញឲ្យរដ្ឋបាលកោះតៃវ៉ាន់ ជួយក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នៅក្នុងទីក្រុងហុងកុង ដែលគ្រប់គ្រងដោយចិន ចំពេលដែលវិបត្តិនយោបាយ នៅក្នុងទីក្រុងនេះមានភាពអាក្រក់ខ្លាំង ហើយសកម្មជនបានអំពាវនាវឲ្យមានការជួបជុំគ្នាដ៏ធំមួយ នៅមុនខួប៧០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្តចិន នៅថ្ងៃទី០១ ខែតុលា, នេះបើយោងតាមសារព័ត៌មាន Channel News Asia ចុះផ្សាយឲ្យដឹងនាយប់ថ្ងៃទី៣ ខែកញ្ញានេះ។

គួររំលឹកថា មនុស្សរាប់ម៉ឺននាក់ បានធ្វើបាតុកម្មតវ៉ានៅតាមផ្លូវ ក្នុងទីក្រុងហុងកុង ចាប់តាំងពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០១៩។

ទីក្រុងហុងកុង ជាអតីតអាណានិគមរបស់អង់គ្លេស បានវិលត្រឡប់ស្ថិតក្រោមការគ្រប់គ្រងរបស់ចិនវិញ នៅឆ្នាំ១៩៩៧ ក្រោមរូបមន្ត «ប្រទេសមួយ ប្រព័ន្ធពីរ» ដែលធានានូវសេរីភាពរបស់ខ្លួន។ ចិនក៏បានស្នើឲ្យអនុវត្តរូបមន្តដូចគ្នា សម្រាប់កោះតៃវ៉ាន់ផងដែរ ដែលចិនចាត់ទុកតៃវ៉ាន់ជាខេត្តបែកចេញ និងពិបាកគ្រប់គ្រង។

ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅថ្ងៃអង្គារនេះ បានលើកឡើងថា រដ្ឋបាលរបស់លោកស្រី បាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះវិបត្តិនៅទីក្រុងហុងកុង។

រដ្ឋាភិបាលទីក្រុងប៉េកាំងរបស់ចិន បានចោទប្រកាន់រដ្ឋបាលទីក្រុងតៃប៉ិ របស់តៃវ៉ាន់ ថា បានគាំទ្រចំពោះការតវ៉ានៅទីក្រុងហុងកុង។ ការចោទប្រកាន់នេះ ត្រូវបានច្រានចោល ដោយកោះតៃវ៉ាន់។

សមាជិកសភាគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុង លោក Eddie Chu បានជំរុញឲ្យអាជ្ញាធរតៃវ៉ាន់ ក្រោកឈរឡើងជាមួយនឹងយន្តការមនុស្សធម៌ ដើម្បីធ្វើបាតុកម្ម ពីទីក្រុងតៃប៉ិ បន្ទាប់ពីមនុស្សរាប់រយនាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីការតវ៉ាបានចាប់ផ្តើមឡើង៕