(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ជប៉ុននឹងមិនចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងយុទ្ធនាការបង្កើតកម្លាំងចម្រុះ ដើម្បីធានាសុវត្ថិភាពកប៉ាល់ ដែលឆ្លងកាត់ផ្លូវទឹកសំខាន់ៗ នៅតំបន់មជ្ឈិមបូព៌ាឡើយ ប៉ុន្តែនឹងពិចារណាចល័តកងកម្លាំងដាច់ដោយឡែកខ្លួនឯង ទៅកាន់តំបន់នោះវិញ៕
២៖ នៅមុនកិច្ចចរចាបង្កើតសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុនត្រូវធ្វើឡើង ប្រទេសរុស្ស៊ីបានបញ្ជាក់ទុកជាមុនថា ភាពដែលទៅរួចនៃការដាក់ពង្រាយយោធា និងសព្វាវុធរុស្ស៊ីនៅលើប្រជុំកោះជម្លោះ ឃើរៀល (Kuril islands) នឹងមិនត្រូវលើកយកមកពិភាក្សាគ្នានោះឡើយ៕
៣៖ ចំនួនមនុស្សស្លាប់នៅក្នុងហេតុការណ៍ ឆេះទូកដឹកភ្ញៀវមុជទឹកកម្សាន្តមួយគ្រឿង នៅក្បែរកោះសាន់តាគ្រូស (Santa Cruz) នៅភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ាសហរដ្ឋអាមេរិកបានកើនដល់ ២៥នាក់ហើយ ខណៈ0៩នាក់ ទៀតនៅតែបន្តបាត់ខ្លួននៅឡើយ៕
៤៖ ភ្នំភ្លើងឈ្មោះ Shiveluch ដែលស្ថិតនៅឧបទ្វីប Kamchatka ភាគខាងកើតប្រទេសរុស្ស៊ី បានផ្ទុះឡើង នាព្រឹកថ្ងៃអង្គារនេះ ដោយបានជះកម្អែរផេះនិងផ្សែងឡើងផ្ទៃអាកាសកម្ពស់រាប់គីឡូម៉ែត្រ៕
៥៖ មនុស្សយ៉ាងហោចណាស់៥នាក់ បានបាត់បង់ជីវិតនៅក្នុងប្រទេសបាហាម៉ាស់ (Bahamas) ស្ថិតនៅតំបន់ Caribbean ដោយសារតែព្យុះ Hurricane Dorian ដែលកំពុងបន្ត បក់បោកសំដៅទៅកាន់តំបន់ឆ្នេរសហរដ្ឋអាមេរិក៕
៦៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson នឹងស្នើឲ្យមានការបោះឆ្នោតមុនអាណត្តិសម្រាប់ថ្ងៃទី១៤ ខែតុលា ក្នុង ករណីបើសភាបោះឆ្នោតប្រឆាំងនឹងយុទ្ធសាស្រ្តរបស់លោកស្តីពីការលែងលះជាមួយសហភាពអឺរ៉ុប (Brexit)៕