(វ្ល៉ឌីវ៉ូស្តូក)៖ នៅមុនកិច្ចចរចាបង្កើតសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុនត្រូវធ្វើឡើង ប្រទេសរុស្ស៊ីបានបញ្ជាក់ទុកជាមុនថា ភាពដែលទៅរួចនៃការដាក់ពង្រាយយោធា និងសព្វាវុធរុស្ស៊ីនៅលើប្រជុំកោះជម្លោះ ឃើរៀល (Kuril islands) នឹងមិនត្រូវលើកយកមកពិភាក្សាគ្នានោះឡើយ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាល្ងាចថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក អ៊ីហ្គ័រ ម័រហ្គូឡូវ (Igor Morgulov) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមិនមានការព្រួយបារម្ភអំពីផែនការ ក្នុងការកសាងមូលដ្ឋានយោធារបស់យើងឡើយ ប៉ុន្តែវាក៏មិនពាក់ព័ន្ធអ្វីទៅនឹង កិច្ចចរចាបង្កើតសន្ធិសញ្ញាសន្តិភាពនោះដែរ។ ការកសាងមូលដ្ឋានយោធារុស្ស៊ី គឺមិនត្រូវយកទៅពិភាក្សានៅក្នុងកិច្ចចរចាទាំងនោះឡើយ»។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីហ្សូ បានអះអាងថា លោកនឹងបោះជំហានទៅមុខទៀត ដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ហើយបន្ទាប់មកទៀតទើបមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ បានជួបពិភាក្សាគ្នា ដើម្បីរបៀបចំដំណើរការកិច្ចចរចា ទៅតាមការប្តេជ្ញារបស់មេដឹកនាំរៀងៗខ្លួន។ ប្រទេសរុស្ស៊ី និងជប៉ុនមិនបានចុះសន្ធិសញ្ញាសន្តិភាពជាមួយគ្នានោះឡើយ បន្ទាប់ពីការបញ្ចប់សង្គ្រាមលោកលើកទីពីរ ដូច្នេះទើបប្រជុំកោះខាងលើនេះ ស្ថិតនៅក្នុងជម្លោះដណ្តើមគ្នានៅឡើយ។
ដើម្បីកាត់បន្ថយនូវភាពមិនច្បាស់លាស់ នៅក្នុងឆ្នាំ១៩៥៦ ប្រទេសទាំងពីរបានចេញសេចក្តីប្រកាសរួមមួយ ដើម្បីស្តារទំនាក់ទំនងជាមួយគ្នាឡើងវិញ នៅក្រោយការបញ្ចប់សង្គ្រាមលោកលើកទីពីរ។ កាលណោះអតីតសហភាពសូវៀត ក៏បានយល់ព្រមប្រគល់កោះធំៗ ២ ដែលមានឈ្មោះថា ហាបូម៉ៃ (Habomai) និង ស៊ីកូតាន់ (Shikotan) ក្នុងចំណោមប្រជុំកោះ Kuril ខាងត្បូងចំនួន ៤ ទៅឲ្យជប៉ុនវិញ ប៉ុន្តែជប៉ុនទទូចចង់បានទាំងអស់តែម្តង ដើម្បីដាក់ជាទឹកដីភាគខាងជើងរបស់ខ្លួន ទើបកិច្ចចរចាពេលនោះត្រូវផ្អាក។ នេះបើតាមការបញ្ជាក់ពីសារព័ត៌មានរុស្ស៊ី៕