(សិង្ហបុរី)៖ លោកគ្រូបង្រៀនម្នាក់ត្រូវបានតុលាការសិង្ហបុរីកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល ០៦ខែនៅថ្ងៃអង្គារនេះ ដោយសារតែបានថើបបបូរមាត់កូនសិស្សអាយុ ១៤ឆ្នាំម្នាក់ដល់ទៅ ០២លើក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩។
គូបង្រៀនខាងលើដែលពុំត្រូវបានបញ្ចេញឈ្មោះ ដោយយោងតាមសេចក្តីបង្គាប់របស់តុលាការនោះ បានឆ្លើយសារភាពអំពីកំហុស ចំពោះបទចោទប្រកាន់មួយករណី ស្តីពីការបំពានផ្លូវភេទលើអនីតិជន។ បើតាមសិស្សស្រីអាយុ ១៤ឆ្នាំដែលជាជនរងគ្រោះ ការប៉ះពាល់ និងថើបដោយពុំមានការអនុញ្ញាតនោះ បានកើតមានឡើងកាលពីខែកក្កដា ឆ្នាំ២០១៨ ខណៈជនដៃដល់ និងជនរគ្រោះបានស្គាល់គ្នា តាមរយៈកម្មវិធីក្រៅម៉ោងសិក្សាមួយ។
គួរជម្រាបថា បើតាមច្បាប់ការពារកុមារ និងអនីតិជនរបស់សិង្ហបុរី លោកគ្រូបង្រៀនម្នាក់នោះ អាចត្រូវជាប់ពន្ធនាគាររហូតដល់ ០៥ឆ្នាំ ឬរងការពិន័យជាប្រាក់ ១០,០០០ដុល្លារសិង្ហបុរី (៧,១៨០ដុល្លារអាមេរិក) ឬក៏ទាំងពីរ ប៉ុន្តែដោយសារការឆ្លើយសារភាពកំហុស ជនរូបនោះក៏ត្រូវបានសម្រាលទម្ងន់ទោសវិញ៕