(ប៉េកាំង)៖ ការអភិវឌ្ឍថាមពលនុយក្លេអ៊ែររបស់ប្រទេសចិន បានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ពោលគឺមានការគ្រប់គ្រងសារធាតុនុយក្លេអ៊ែរត្រឹមត្រូវ ហើយមិនបង្កការប៉ះពាល់ដល់សុខភាពសាធារណៈ ឬក៏បរិស្ថាននោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩។
របាយការណ៍សៀវភៅសមានចំណងជើងថា «សុវត្ថិភាពនុយក្លេអ៊ែរនៅប្រទេសចិន» ដែលចេញផ្សាយនាថ្ងៃអង្គារនេះ ដោយការិយាល័យព័ត៌មានរបស់រដ្ឋាភិបាលចិន បានលើកឡើងថា ចិនបានរក្សានូវកំណត់ត្រាសុវត្ថិភាពនុយក្លេអ៊ែរយ៉ាងល្អ និងជាប់ចំណាត់ថ្នាក់ខ្ពស់ថែមទៀត។ យោងតាមរបាយការណ៍ខាងលើ កម្រិតសុវត្ថិភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាថាមពលនុយក្លេអ៊ែររបស់ចិន បានបន្តភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយចំណាត់ការគ្រប់គ្រងសារធាតុនុយក្លេអ៊ែរ ក៏មានភាពរឹតរ៉ឹង និងរឹងមាំ រីឯសុខភាពសាធារណៈ និងសុវត្ថិភាពនៃបរិស្ថាន ត្រូវធានាបានយ៉ាងពេញលេញ។
សៀវភៅសនោះបានគូសបញ្ជាក់ថា កាលពីឆ្នាំ២០០០ ឆ្នាំ២០០៤ ឆ្នាំ២០១០ និងឆ្នាំ២០១៦ អង្គការថាមពលអាតូមិកអន្តរជាតិ IAEA បានធ្វើការវាយតម្លៃគ្រប់ជ្រុងជ្រោយចំនួន០៤ ទៅលើគោលការណ៍ធានាសុវត្ថិភាព នៃការអភិវឌ្ឍថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសចិន ហើយបានផ្តល់ការទទួលស្គាល់ពេញទំហឹង ចំពោះការអនុវត្តន៍ក៏ដូចជាបទពិសោធន៍ដ៏ល្អរបស់ចិន៕