News Update: ករណីឆេះទូកកម្សាន្តនៅរដ្ឋកាលីហ្វរញ៉ា៖ ចំនួនមនុស្សស្លាប់កើនដល់២៥នាក់ និង៩នាក់បន្តបាត់ខ្លួន (Video inside)
03-09-2019 15:45
(ឡូសអាន់ជែឡែស)៖ ចំនួនមនុស្សស្លាប់នៅក្នុងហេតុការណ៍ ឆេះទូកដឹកភ្ញៀវមុជទឹកកម្សាន្តមួយគ្រឿង នៅក្បែរកោះសាន់តាគ្រូស (Santa Cruz) នៅភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ាសហរដ្ឋអាមេរិកបានកើនដល់ ២៥នាក់ហើយ ខណៈ0៩នាក់ ទៀតនៅតែបន្តបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩។
ហេតុការណ៍ឆេះទូកខាងលើបានកើតឡើង កាលពីវេលាទាបភ្លឺថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) ហើយមនុស្ស ០៥នាក់ដែលជាសមាជិកក្រុមបម្រើការងារលើទូកនោះ ត្រូវបានជួយសង្រ្គោះទាន់ពេល។ ប៉ុន្តែមូលហេតុដែលបណ្ដាលឱ្យទូកនេះឆេះ មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ។
គួរជម្រាបថា ទូកខាងលើដែលមានឈ្មោះ ខុនសិបសិន (Conception) មានផ្ទុកមនុស្ស៣៩នាក់ បានចាកចេញពីទីក្រុងសាន់តាបាបារ៉ា (Santa Barbara) នៃរដ្ឋកាលីហ្វរញ៉ាកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន សម្រាប់ការធ្វើដំណើរកម្សាន្តមុជទឹករយៈពេល ០៣ថ្ងៃ ដោយទូកនេះបានគ្រោងនឹង ត្រឡប់ទៅកាន់ដីគោកវិញនៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះ ប៉ុន្តែបែរជាជួបភាពអកុសល្យ៕