(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson នឹងស្នើឲ្យមានការបោះឆ្នោតមុនអាណត្តិសម្រាប់ថ្ងៃទី១៤ ខែតុលា ក្នុងករណីបើសភាបោះឆ្នោតប្រឆាំងនឹងយុទ្ធសាស្រ្តរបស់លោកស្តីពីការលែងលះជាមួយសហភាពអឺរ៉ុប (Brexit)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀកថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩។
យោងតាមប្រភពពីមន្រ្តីជាន់ខ្ពស់ម្នាក់នៃរដ្ឋាភិបាលអង់គ្លេស សមាជិកសភានៃគណបក្សអភិរក្សនិយមរបស់លោក Johnson ផ្ទាល់ កំពុងត្រៀមចូលដៃជាមួយសមាជិកសភាបក្សប្រឆាំង ដើម្បីព្យាយាមបង្ខំឲ្យលោក Johnson បន្តពន្យារពេលធ្វើ Brexit តាមរយៈការបោះឆ្នោតមួយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅក្នុងតំបន់) ប្រសិនបើលោកមិនអាចសម្រេចបានកិច្ចព្រមព្រៀងថ្មីជាមួយសហភាពអឺរ៉ុប ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខទេនោះ។
បន្ទាប់ពីលោកបានឡើងកាន់អំណាចជំនួសលោកស្រី Theresa May លោក Johnson បានប្តេជ្ញាថា នឹងនាំចក្រភពអង់គ្លេសចេញពីសហភាពអឺរ៉ុបឲ្យបានតាមកាលបរិច្ឆេទកំណត់ គឺថ្ងៃទី៣១ ខែតុលា ប៉ុន្តែលោកក៏បានសង្ឃឹមដែរថា នឹងអាចសម្រេចបានកិច្ចព្រមព្រៀងថ្មីជាមួយទីក្រុងព្រុចសែល។ យ៉ាងណាក៏ដោយ លោក Johnson ចង់សម្រេចធ្វើ Brexit ឲ្យបាន ទោះមិនមានកិច្ចព្រមព្រៀងជាមួួ EU ក៏ដោយ ខណៈសភាអង់គ្លេសបារម្ភថា ការធ្វើបែបនេះធ្វើបង្កផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ច។
យ៉ាងណាមិញ បើតាមមន្រ្តីខាងលើ ប្រសិនបើយុទ្ធសាស្រ្ត Brexit របស់រដ្ឋាភិបាលលោក Johnson ទទួលបរាជ័យ ក្នុងការបោះឆ្នោតថ្ងៃអង្គារសប្តាហ៍នេះ លោក Johnson នឹងស្នើឲ្យមានការបោះឆ្នោតសម្រេចមួយទៀតនៅថ្ងៃពុធ ស្តីពីការបោះឆ្នោតមុនអាណត្តិ ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី១៤ ខែតុលា ដើម្បីអនុញ្ញាតឲ្យមានរដ្ឋាភិបាលថ្មី មុនពេលចក្រភពអង់គ្លេសត្រូវចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី៣១ ខែតុលា៕