(ប្រេស៊ីល)៖ ប្រធានសភាជាន់ទាបប្រេស៊ីល លោក Rodrigo Maia បាននិយាយថាសភាជាតិនៃ ប្រទេសអាមេរិកឡាទីនមួយនេះ គួរតែអនុម័តដំណោះស្រាយថ្កោលទោស និងចាត់វិធានការទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់អាម៉ាហ្សូន ដែលកំពុងរងការបំផ្លិចបំផ្លាញដោយសារតែ ភ្លើងឆេះព្រៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩។
ផ្ទុយពីប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro លោក Maia ក៏បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ដែរថា លោកមិនចង់ឱ្យមានការជជែកដេញដោល ជុំវិញការ ត្រួតពិនិត្យឡើងវិញ ពីព្រំដែននៃតំបន់ដែលជនជាតិភាគតិចរស់នៅ ក្នុងតំបន់អាម៉ាហ្សូននោះទេ។
ប៉ុន្តែអ្វីដែលលោកចង់បាននោះ គឺការថ្កោលទោស និងចាត់វិធានការទប់ស្កាត់ការកាប់បំផ្លាញព្រៃទាក់ ទាញទឹកភ្លៀងដ៏ធំមួយនេះ ដើម្បីការពារកិត្តិយស និងរូបភាពនៃផលិតផលកសិកម្មរបស់ប្រេស៊ីល នៅក្រៅប្រទេស។
គួរជម្រាបថា ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បាន និងកំពុងទទួលរងការរិះគន់ យ៉ាងខ្លាំង ចំពោះការចាត់វិធានការយឺតយ៉ាវ ក្នុងការពន្លត់ភ្លើងឆេះព្រៃ ជាពិសេសគឺពាក់ព័ន្ធនឹងផែនការ បើកដៃឱ្យមានការអភិវឌ្ឍវិស័យកសិកម្ម និងរុករករ៉ែ ក្នុងតំបន់អាម៉ាហ្សូន៕