(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Javad Zarif បាននិយាយថា ផែនការដាក់ពង្រាយយន្ដហោះដ្រូនរបស់អង់គ្លេស មកកាន់តំបន់ឈូងសមុទ្រពែក នឹងធ្វើឱ្យតំបន់ទាំងមូលអសន្តិសុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩។
លោក Javad Zarif ធ្វើការកត់សម្គាល់ដូចខាងលើ នៅថ្ងៃចន្ទសប្ដាហ៍នេះក្នុងទីក្រុងម៉ូស្គូ។ នាឱកាសនោះរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានគូសបញ្ជាក់យ៉ាងដូច្នេះថា «តំបន់របស់យើងទាំងមូល នឹងមិនមានសុវត្ថិភាពឡើយ បើសិនជាវត្តមានយោធាចេះតែកើនឡើង ពោលគឺខ្ញុំចង់សំដៅលើ ការបង្កើនវត្តមានយោធានៅក្នុងតំបន់ឈូងសមុទ្រ នឹងធ្វើឱ្យភាពអសន្តិសុខផ្ទុះឡើង ហើយបើគ្មានការចូលរួមពីអ៊ីរ៉ង់ តំបន់ទាំងមូលក៏គ្មានសុវត្ថិភាពដែរ»។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ធ្វើឡើងជាការឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍មួយដែលថា អង់គ្លេសមានផែនការបញ្ជូនយន្ដហោះដ្រូន ទៅកាន់តំបន់ឈូងសមុទ្រពែក ដើម្បីឃ្លាំមើល និងការពារកប៉ាល់ដឹកប្រេងរបស់ខ្លួន៕