(ប្រេស៊ីល)៖ អគ្គរដ្ឋទូតប្រេស៊ីលទទួលបន្ទុកផ្នែកទេសចរណ៍ លោក រ៉េនហ្សូ ហ្គ្រេស៊ី (Renzo Gracie) បានហៅប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង ថា «តារាថ្លុកកំប្លែង» ហើយថែមទាំងបានប្រមាថភរិយារបស់លោកថា ជា «នាគរាជទៀតផង» ជាការបង្ហាញការខឹងសម្បារចំពោះលោក ម៉ាក្រុង ដែលបានរិះគន់រដ្ឋាភិបាលប្រេស៊ីល ជុំវិញការពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩។
តាមរយៈឃ្លីបវីដេអូមួយបង្ហោះលើ Twitter លោក Renzo Gracie បានលើកឡើងដូច្នេះថា «ភ្លើងតែមួយគត់កំពុងឆាបឆេះ គឺជាភ្លើងឆេះនៅក្នុងបេដូងប្រជាជនប្រេស៊ីល និងបេះដូងប្រធានាធិបតីរបស់យើង។ តារាថ្លុកកំប្លែង (លោក ម៉ាក្រុង)... បើសិនជាអ្នករិះគន់ប្រទេសរបស់យើង... អ្នកត្រូវតែយល់ឱ្យបានច្បាស់សិនថា អ្នកកំពុងដេកជាមួយនាគរាជ (លោកស្រី Brigitte Macron) ដែលមិនអាច ធ្វើឱ្យអ្នកក្លាយជាអ្នកជំនាញអគ្គិភ័យនោះទេ... នាងពិតជាអាក្រក់ណាស់។ បងប្អូនប្រុសរបស់ខ្ញុំ...»។
គួរបញ្ជាក់ថា លោក Renzo Gracie ដែលជាអតីតកីឡាករក្បាច់គុនចម្រុះ MMA មានអាយុ ៥២ឆ្នាំ ត្រូវបានប្រធានាធិបតីប្រេស៊ីល លោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) តែងតាំងជាអគ្គរដ្ឋទូតប្រេស៊ីលទទួលបន្ទុកវិស័យទេសចរណ៍ កាលពីខែសីហា កន្លងទៅ។ ដោយឡែកជម្លោះពាក្យសម្តីរវាងប្រធានាធិបតីបារាំងលោក ម៉ាក្រុង និងលោក បូលសូណារ៉ូ បានកើតមានឡើងបន្ទាប់ពីបារាំងបានរិះគន់ ចំពោះសមត្ថភាពប្រេស៊ីលក្នុងការពន្លត់ភ្លើងឆេះព្រៃ Amazon និងការប្រមូលថវិកាប្រមាណ ២២លានដុល្លារ បរិច្ចាគឲ្យប្រេស៊ីលដើម្បីជួយពន្លត់ភ្លើងព្រៃ ខណៈវាត្រូវបានប្រេស៊ីលចាត់ទុកជាការម៉ាក់ងាយមួយផងដែរ៕