(បរទេស)៖ ក្រុមហ៊ុនអាមេរិកឈ្មោះ Gateway Foundation បានបង្ហាញគំរូរចនាសម្រាប់ «សណ្ឋាគារអវកាស» មួយ ដែលពួកគេ អះអាងថា នឹងអាចទទួលភ្ញៀវទេសចរឲ្យស្នាក់នៅបាននៅឆ្នាំ២០២៥។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅយប់ថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩។
សណ្ឋាគារខាងលើមានឈ្មោះថា ស្ថានីយអវកាស Von Braun ដែលនឹងបម្រើជាកន្លែងស្នាក់នៅលំហែកាយដ៏ប្រណិតមួយ។ វា មានរូបរាងប្រៀបដូចជាចិញ្ចៀន ពោលគឺដូចស្ថានីយអវកាស Elysium ក្នុងខ្សែភាពយន្តហូលីវូដ Elysium ឆ្នាំ២០១៣ ដូច្នោះដែរ ប៉ុន្តែមិនធំមហាសាលបែបនោះឡើយ។ គំរូរចនានៃសណ្ឋាគារអវកាសនេះ បានបង្ហាញថា វាមានផ្ទុកបន្ទប់ស្នាក់ចំនួន២៤បន្ទប់ នៅជុំវិញវង្វង់ចិញ្ចៀននោះ ហើយអាចទទួល ភ្ញៀវឲ្យស្នាក់នៅសរុបបានរហូតដល់៤០០នាក់ ក្នុងមួយពេលៗ។
យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Gateway Foundation សណ្ឋាគារ Von Bruan នឹងផ្តល់នូវទំនាញសិប្បនិម្មិត គឺយើងមិន អណ្តែតខ្លួនពេលស្ថិតនៅក្នុងនោះទេ ហើយសណ្ឋាគារក៏នឹងមានបំពាក់នូវសម្ភារៈប្រណិតៗ ប្រកបដោយផាសុខភាព រួម ជាមួយរោងភាពយន្ត កន្លែងពិសារភេសជ្ជៈ និងកន្លែងចម្អិនម្ហួបអាហារ សម្រាប់បម្រើជូនតម្រូវការរបស់ភ្ញៀវទេសចរផងដែរ។
សម្រាប់តម្លៃវិញ គឺមិនទាន់អាចបញ្ជាក់បាននៅឡើយទេនាពេលនេះ ប៉ុន្តែក្រុមហ៊ុន Gateway បានទទួលស្គាល់ថា ការស្នាក់នៅ ក្នុងសណ្ឋាគារអវកាសបែបនេះ នឹងមានតម្លៃហួសពីថ្លៃទៅទៀត ប៉ុន្តែពួកគេជឿជាក់ថា ពេលយូរៗទៅតម្លៃអាចនឹងថយចុះទៅ តាមនោះ។ ដោយឡែក កាលពីចន្លោះឆ្នាំ២០០១និងឆ្នាំ២០០៩ ការធ្វើដំណើរឡើងទីអវកាសតាមរយៈយានអវកាសរុស្ស៊ី Soyuz ត្រូវចំណាយខ្ទង់២០០-២៥០លានដុល្លារឯណោះ។
គួរជម្រាបថា ក្រៅពីសណ្ឋាគារ Von Bruan ក្រុមហ៊ុន Gateway Foundation មានគម្រោងមហិច្ឆតាមួយទៀតហៅថា Gateway ដែលជាស្ថានីយដ៏ធំសម្បើមមួយ អាចផ្ទុកមនុស្សបាន១,៤០០នាក់ ហើយក៏អាចដើរតួនាទីជាកន្លែងឈប់ឆ្លងកាត់សម្រាប់នាវាអវកាសធំៗ ដឹកភ្ញៀវទៅកាន់ភពអង្គារ ឬទីឋានដទៃទៀត។ បច្ចុប្បន្ននេះ មានគំនិតជាច្រើនពាក់ព័ន្ធវិស័យទេសចរណ៍ក្នុងលំហអវកាស ដោយ កន្លងមកនេះ រួមមានទាំងគម្រោងនាំមនុស្សជិះយានអវកាស នៅជុំវិញផែនដី ឬក៏ទៅលេងជុំវិញឋានព្រះច័ន្ទជាដើម ខណៈក៏ មានក្រុមហ៊ុនដទៃទៀត ចាប់អារម្មណ៍នឹងបង្កើតស្ថានីយលក្ខណៈជាសណ្ឋាគារអវកាស ដូចខាងលើដែរ៕