Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

និស្សិតឥណ្ឌូណេស៊ី៣នាក់ រួមគ្នាបង្កើតឧបករណ៍ជួយដល់ការរុករកជនរងគ្រោះ ដែលជាប់ក្រោមគំនរអគារក្រោយមានរញ្ជួយដី

02-09-2019 21:05

(ហ្សាការតា)៖ និស្សិតឥណ្ឌូណេស៊ីចំនួន៣នាក់ បានបង្កើតឡើងនូវឧបករណ៍មួយ ដែលបញ្ចេញរលកសញ្ញាមានប្រេកង់កម្រិតខ្ពស់ ដើម្បីជួយដល់ការស្វែងរកទីតាំងជនរងគ្រោះ ក្រោយពេលកើតមានគ្រោះធម្មជាតិ ដូចជារញ្ជួយដីជាដើម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅយប់ថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩។

ឧបករណ៍ខាងលើមានទំហំប៉ុនកាតធនាគារ ហើយកម្រាស់ក៏ប្រហែលគ្នាដែរ ប៉ុន្តែវាប្រហែលអាចជួយជីវិត ជនរងគ្រោះដែលជាប់នៅក្រោមគំនរបាក់បែក បន្ទាប់ពីមានគ្រោះរញ្ជួយផែនដីបាន ខណៈឥណ្ឌូណេស៊ីតែងទទួលរងគ្រោះធម្មជាតិនេះជាញឹកញាប់។

ឧបករណ៍នោះបញ្ចេញរលកសញ្ញា តាមរយៈការធ្វើចលនា ដោយមិនថាខ្លាំងឬខ្សោយឡើយ ពោលគឺសូម្បីតែដកដង្ហើម ហើយវាអាចសាយភាយដល់ចម្ងាយរហូតដល់១០គីឡូម៉ែត្រ។ សម្រាប់ឧបករណ៍ទទួលសញ្ញាវិញ អាចភ្ជាប់ជាមួយស្មាតហ្វូន ឬក៏កុំព្យូទ័រយួរដៃ ហើយដំណើរការនៅលើកម្មវិធីមួយ ដែលអាចទាញយកបានទាំងនៅលើប្រព័ន្ធប្រតិបត្តិការរបស់ Apple និង Android។

ក្រុមនិស្សិតទាំង៣នាក់ ដែលមកពីសាកលវិទ្យាល័យ Brawijaya ទទួលបានសិទ្ធិប៉េតង់រួចហើយ សម្រាប់ឧបករណ៍បង្កើតថ្មីរបស់ ពួកគេ ដែលមានតម្លៃ៧ដុល្លារ។ ប៉ុន្តែនិស្សិតទាំង៣រូបបានបញ្ជាក់ថា ពួកគេចង់អភិវឌ្ឍវាឲ្យល្អឥតខ្ចោះសិន មុនពិចារណាដាក់ លក់ជាសាធារណៈ ខណៈមន្រ្តីជាន់ខ្ពស់ម្នាក់នៅក្រសួងអប់រំឥណ្ឌូណេស៊ី ក៏មានចំណាប់អាម្មណ៍ចង់ជួយដល់ការអភិវឌ្ឍឧបករណ៍ របស់ពួកគេផងដែរ។

គួរជម្រាបថា ដោយស្ថិតនៅតំបន់ខ្សែក្រវាត់ភ្នំភ្លើងក្រោមបាតសមុទ្រហៅថា Pacific Ring of Fire ដែលនៅហ៊ុមព័ទ្ធមហាសមុទ្រ ប៉ាស៊ីហ្វិក ប្រទេសឥណ្ឌូណេស៊ី តែងរងការវាយប្រហារដោយគ្រោះរញ្ជួយដីជាញឹកញាប់ និងបង្កឲ្យមនុស្សស្លាប់ជាច្រើននាក់ ដែលជាហេតុធ្វើឲ្យប្រសិទ្ធភាពនៃកិច្ចប្រឹងប្រែងជួយសង្រ្គោះជនរងគ្រោះ ដែលអាចនៅជាប់ក្រោមគំនរអគារដួលរលំ គឺជារឿងដ៏ សំខាន់បំផុតមួយ៕