(ញូដេលី)៖ អង្គការអវកាសឥណ្ឌា ISRO បានឲ្យដឹងនៅថ្ងៃចន្ទនេះថា យានរុករក Vikram ត្រូវបានផ្តាច់ចេញពីតួយានអវកាស Chandrayaan-2 ដោយជោគជ័យហើយ និងកំពុងចល័តយ៉ាងសន្សឹមៗ ដើម្បីត្រៀមចុះចតលើផ្ទៃព្រះច័ន្ទតែម្តងនៅថ្ងៃទី០៧ ខែកញ្ញា (៥ថ្ងៃទៀត)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩។
អង្គការ ISRO បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ទីបំផុតយានចល័ត Vikram បានផ្តាច់ខ្លួនដោយជោគជ័យចេញពីយានអវកាស Chandrayaan-2 ហើយនៅវេលាម៉ោង ១៣៖១៥នាទីរសៀលថ្ងៃចន្ទនេះ (ម៉ោងសកល)។ បច្ចុប្បន្នយាន Vikram កំពុងស្ថិតនៅគន្លងគោចរ 119 km x 127 km។ យានអវកាស Chandrayaan-2 កំពុងបន្តគោលចរជុំវិញព្រះច័ន្ទ នៅក្នុងគន្លងដដែលរបស់ខ្លួន»។
ISRO ក៏បានបង្ហើបផងដែរថា ប្រព័ន្ធដំណើរនៅក្នុងយានទាំងអស់គឺមានភាពល្អប្រសើរ។ បេសកកម្មយាន Chandrayaan-2 ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ហើយវាគ្រោងនឹងចុះចតលើផ្ទៃព្រះច័ន្ទ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩។ ការដាក់ឈ្មោះយានចល័តថា Vikram នេះគឺដើម្បីរំលឹកទៅដល់ បិតាស្រាវជ្រាវកម្មវិធីអវកាសឥណ្ឌា វីក្រាម សារ៉ាបៃ (Vikram Sarabhai) ហើយបើសិនជាបេសកកម្មនេះទទួលជោគជ័យ ឥណ្ឌានឹងក្លាយជាមហាអំណាចអវកាសទី ៤ បន្ទាប់ពីអាមេរិក រុស្ស៊ី និងចិន ដែលសុទ្ធតែបានចុះចតយានដោយជោគជ័យលើព្រះច័ន្ទ៕